អន្តរជាតិ៖ ដើម្បីចាត់វិធានការទប់ទល់ចំពោះការគំរាមកំហែង និងឈ្លានពានពីសត្រូវនានា នៅថ្ងៃចន្ទទី២១ ខែកញ្ញា ឆ្នាំ២០២០នេះក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសថា កងកម្លាំងយោធារបស់ខ្លួនមានសិទ្ធិក្នុងការប្រើកម្លាំងបាយ ។ ប៉ុន្តែក្រសួងការពារជាតិតៃវ៉ាន់ មិនបានបញ្ជាក់ចំៗថាជានរណាជាសត្រូវក៏ដោយ តែការថ្លែងបែបនេះ គឺបានធ្វើឡើងចំពេលដែលរដ្ឋាភិបាលចិន កំពុងធ្វើសមយុទ្ធយោធាយ៉ាងគគ្រឹកគគ្រេង នៅក្បែរច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។ នេះបើតាមការចេញផ្សាយដោយCNA នារសៀលថ្ងៃចន្ទ ទី២១ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ទៀតថា យន្តហោះច្បាំងចិនជាច្រើនគ្រឿង នៅតែបន្តធ្វើការហោះហើរពីលើខ្សែបន្ទត់បែងចែកដែនទឹកនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចរសើបបំផុតរវាងចិនដីគោក និងកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ពីយោធាតៃវ៉ាន់ បានគូសបញ្ជាក់នៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា៖ «យើងបានធ្វើការកំណត់យ៉ាងច្បាស់លាស់ អំពីរបៀបនៃការឆ្លើយតបទៅនឹងការយាយី និងគំរាមកំហែងជាញឹកញាប់ពីសំណាក់នាវាចម្បាំង និងយន្តហោះរបស់សត្រូវនៅក្នុងឆ្នាំនេះ។ ហើយកោះតៃវ៉ាន់មានសិទ្ធិការពារខ្លួន និងទប់ទល់រាល់ការវាយប្រហារ ដោយអនុលោមតាមគោលការណ៍មិនបង្កហេតុ និងមិនបង្កើតជម្លោះមុននោះឡើយ»។
សូមជម្រាបថា កោះតៃវ៉ាន់ដែលត្រូវបានចាត់ទុកត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ បានបង្ហាញទំនាក់ទំនងកាន់តែបើកចំហ ជាមួយសហរដ្ឋអាមេរិក តាមរយៈការទទួលមន្ត្រីជាន់ខ្ពស់អាមេរិកពីររូប មកបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងទីក្រុងតៃប៉ិ កាលពីខែសីហា និងនៅក្នុងខែកញ្ញានេះតែម្តង។ ប្រការនេះបានធ្វើឲ្យទីក្រុងប៉េកាំងចេញសារព្រមានជាច្រើនដងនិងបានរៀបចំធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ដែលបាននិងកំពុងធ្វើឲ្យកោះតៃវ៉ាន់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលអាចផ្ទុះសង្គ្រាមឡើង។
ជាក់ស្តែង យោធាចិន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានប្រកាសពីការធ្វើសមយុទ្ធយោធាមួយ របស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតច្រកសមុទ្រតៃវ៉ាន់។ ដោយរដ្ឋាភិបាលចិន បានអះអាងថា «វាជាការផ្លាស់ប្ដូរដ៏ចាំបាច់មួយ ក្នុងស្ថានភាពបច្ចុប្បន្ននៅឯច្រកសមុទ្រតៃវ៉ាន់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយលោកបានបានគូសបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលមិនអាចផ្លាស់ប្តូរបាន ក៏ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធផងដែរ ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីប្រទេសដទៃឡើយ»។
លើសពីនេះទៅទៀត យោធាចិន PLA និយាយថា៖ សហរដ្ឋអាមេរិក និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) កំពុងកាន់អំណាចនៅកោះតៃវ៉ាន់ ថ្មីៗនេះបានបង្កើនការសមគំនិតគ្នាជាញឹកញាប់ ដែលបង្កឲ្យមានបញ្ហាជារឿយៗ ដោយចិនបានព្រមានចំពោះបញ្ហានេះថា«អ្នកដែលចូលខ្លួនលេងជាមួយភ្លើង នោះនឹងត្រូវឆេះខ្លោច»។ យោធាចិន បានសង្កត់ធ្ងន់ថាPLA មានឆន្ទៈខ្ពស់បូករួមទាំងទំនុកចិត្ត និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីរារាំងការជ្រៀតជ្រែកណាមួយពីកម្លាំងបរទេស ឬសកម្មភាពឯករាជ្យរបស់តៃវ៉ាន់៕ដោយ៖ស តារា