ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ត្រូវនគរបាលស្រុកមេមត់ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម

ចែករំលែក៖

ខេត្តត្បូងឃុំ ៖មនុស្ស៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីសង្ស័យលួចម៉ូតូអ្នកភូមិ ដែលប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២០ ។

លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង និងកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់​ករណីចោរកម្មលួចម៉ូតូដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥:៤០នាទី នៅចំណុចចម្ការកៅស៊ូមេមត់ ស្ថិតក្នុងភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

​លោកបន្តថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះដូចខាងក្រោម ៖

១. ឈ្មោះ គៀន ស្លឹក ភេទប្រុស ឆ្នាំកំណើត១៩៩៨ រស់នៅភូមិសូទៃ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

២. ឈ្មោះ ខ្វិន គ្រី ភេទប្រុស ឆ្នាំកំណើត ១៩៩៥ រស់នៅភូមិឃុំជាមួយ គ្នា។

៣. ឈ្មោះ នាង ប៊ុនថេន ភេទប្រុស ឆ្នាំកំណើត១៩៧៨ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

៤. ឈ្មោះ ណាល់ ម៉ារ៉ា ភេទ​ប្រុស​ ឆ្នាំកំណើត១៩៩៥​ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ ។

​បច្ចុប្បន្ន​ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំង​នគរបាលជំនាញ​កសាង​សំណុំរឿង​ និងនាំខ្លួនទៅកាន់តុលាការខេត្តត្បូងឃ្មុំដើម្បីចាត់ការ​តាម​នីតិវិធី​ ៕ដោយ៖វណ្ណៈ


ចែករំលែក៖