ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវ និងពិនិត្យសាកសពបុរសម្នាក់ ខណៈគេប្រទះឃើញស្លាប់នៅក្បែរស្រះទឹកមួយកន្លែងក្នុងស្រុកក្រគរ ។
ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពខាងលើ បានធ្វើឡើងនៅរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹករបស់ឈ្មោះ លី សុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្តកិច្ចចុះផ្ទាល់បានឲ្យដឹងថា សពត្រូវបានគេស្គាល់ឈ្មោះ លី សុភា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុស១នាក់ក្នុងបន្ទុកគ្រួសារ ។
ប្រភពដដែលបន្តទៀតថា សពមានកម្ពស់១.៧៣ម៉ែត្រ។ នៅលើខ្លួនសពមានត្រីចំនួន២ក្បាល ត្រីប្រា និងត្រីចាប ស្មាខាងឆ្វេងមានស្នាមឆូតស្បែក ករលាត់ស្បែកនិងជាំ ម្រាមដៃខាងស្ដាំទាំងអស់រលាត់កាត់ទទឹង។ សពអាចស្លាប់លើសពី១០ម៉ោង ហើយអាចស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់ ដែលអាចបុរសនេះចូលលួចត្រីក្នុងស្រះចិញ្ចឹមរបស់គេ ខណៈដែលគេតខ្សែភ្លើងតាមរបងទើបបណ្ដាលឲ្យឆក់ស្លាប់បែបនេះ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ លី សុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ សមត្ថកិច្ចបានរាយការណ៍ជូនព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ និងបានឃាត់ខ្លួននាំទៅសាកសួរផងដែរ ៕ ដោយ៖ បុឹម ពិន