ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនបង្កេីត២នាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​ខណៈបម្រុងលួចម៉ូតូប្រជាពលរដ្ឋ

ចែករំលែក៖

     ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍ខណ្ឌដង្កោ​ ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានចាប់ខ្លួនជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ខណ:ពួកគេបម្រុងធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែផ្លូវលេខ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារបទល្មើសនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកScoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1 AF-7177 ឌុបគ្នាមកឈប់ក្បែរម៉ូតូប្រជាពលរដ្ឋដែលចតនៅក្បែរវាលស្រែហើយចុះទៅបង់សំណាញ់ ខណៈនោះជនសង្ស័យទាំង២នាក់ក៏យកសោអក្សរតេបម្រុងនឹងធ្វើសកម្មភាពកាច់ ក យកម៉ូតូរបស់ប្រជាពលរដ្ឋម៉ាកហុងដាឌ្រីម សេ១២៥។ ដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅសួរនាំ ពេលនោះជនសង្ស័យទាំង២នាក់បានដកទូរស័ព្ទបម្រុងនឹងថតសមត្ថកិច្ចវិញផងដែរ​ ។ បន្ទាប់មកសមត្ថកិច្ចក៏បានឆែកឆេរលេីដងខ្លួនជនសង្ស័យទាំង២នាក់បានរកឃើញសោសម្រាប់កាច់កម៉ូតូចំនួន៤ឈុត ចម្ពាមកៅស៊ូចំនួន១ក៏ធ្វើការឃាត់ខ្លួនតែម្ដង។

    ជនសង្ស័យទាំងនាក់ខាងលេីរួមមាន​ ទី១​-ឈ្មោះ​ខុម ចាន់ណែង ហៅ ណេង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ​  និងទី២​-ឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅជាមួយគ្នា។

    បច្ចប្បន្ននេះ​ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖