ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីជួយ​និស្សិត​ថៃទើបបញ្ចប់​ការសិក្សា​មាន​ចំណូល​ទាប​ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​កញ្ចប់​ថវិកាជាង​៦២០​លាន​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍បញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ថ្មីនេះ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តថវិកាចំនួន១៩,៤៦ ពាន់លានបាត ដែលស្មើនឹងជាង៦២០លានដុល្លារសម្រាប់កម្មវិធីឧបត្ថម្ភធនការងារមួយដែលផ្តោតលើនិស្សិតទើបបញ្ចប់ការសិក្សា

​​រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin បន្ទាប់ពីការប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថាចំពោះគម្រោងនេះ រដ្ឋាភិបាលសន្យាផ្តល់ប្រាក់ខែ ៥០ ភាគរយនៃប្រាក់ខែរបស់និស្សិតបញ្ចប់ការសិក្សា កម្មវិធីនេះមានរយៈពេលមួយឆ្នាំដោយចាប់ផ្តើមនៅខែក្រោយទៅចំណែកនិស្សិតចំនួន ២៦០,០០០ នាក់ពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនៅថៃនឹងទទួលបានប្រាក់ឧបត្ថម្ភក្រោមកម្មវិធីរបស់រដ្ឋាភិបាល

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក្រសួងការងារថៃ បន្តថា ថវិកាសម្រាប់កម្មវិធីនេះបានមកពីកញ្ចប់ថវិកាចំនួន៤០០ពាន់លានបាតដែលត្រៀមប្រើជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយ Covid-19 ឡើងវិញ

ប្រភពព័ត៌មានខាងលើបន្ថែមថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់នឹងទទួលខុសត្រូវលើការត្រួតពិនិត្យកម្មវិធីនេះ  គម្រោងនេះ គ្របដណ្តប់លើក្រុមនិស្សិតបញ្ចប់ការសិក្សាថ្មីរួមមាន៖ អ្នកដែលមានបរិញ្ញាបត្រអ្នកដែលមានវិញ្ញាបនបត្រវិជ្ជាជីវៈខ្ពស់ និងអ្នកដែលមានវិញ្ញាបនបត្រវិជ្ជាជីវៈ

គួរបញ្ជាក់ថាប្រាក់ឧបត្ថម្ភនេះ ត្រូវផ្តល់ឲ្យនិយោជិដែលជួលនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដែលមានប្រាក់ខែរហូតដល់១៥០០០បាត​, ក្រុមហ៊ុនជួលនិស្សិតបញ្ចប់ការសិក្សាវិជ្ជាជីវៈខ្ពស់ឲ្យធ្វើការហើយមានប្រាក់ឈ្នួលខ្ពស់បំផុត ១១៥០០បាតក្នុងមួយខែ និងក្រុមហ៊ុនដែលជួលនិស្សិតបញ្ចប់ការសិក្សាវិជ្ជាជីវៈហើយមានប្រាក់ខែ ៩៤០០ បាតក្នុងមួយខែ

ដោយ៖ស តារា


ចែករំលែក៖