ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត បន្ទាប់ពីជនសង្ស័យរូបនេះ យកខ្ចីម៉ូតូគេជិះមួយភ្លែត តែបែជាយកទៅបញ្ចាំ ទីបំផុតម្ចាស់ម៉ូតូឃើញក៏ចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការនៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទីនៅចំណុច រោងធ្វើស្រែនៅបឹងចន្លោះ ស្ថិតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្នោះ សេង សឿន (ហៅពៅ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម្ជូរតាមរទេះ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ មុំ កាក់ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី ជនសង្ស័យឈ្មោះ សេង សឿន (ហៅពៅ)បានទៅជួបជនរងគ្រោះឈ្មោះ មុំ កាក់ នៅរោងធ្វើស្រែចំណុចបឹងចន្លោះ ស្ថិតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល. រួចក៏បានខ្ចីម៉ូតូពីជនរងគ្រោះម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៦. ដោយថាខ្ចីមួយភ្លែត រួចក៏ជិះយកទៅតែម្ដង ដោយមិនឃើញវិលត្រឡប់មកវិញ។ កន្លងផុតទៅរយះពេល០១ថ្ងៃ.ដោយមិនឃើញជនសង្ស័យយកម៉ូតូមកខ្លួនវិញ ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីចាត់ការតាមច្បាប់។
លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យឈ្មោះ សេង សឿន ក៏បាននាំគ្នាដេញព័ទ្ធចាប់បាន រួចបាននាំខ្លួនមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សេង សឿន បានសារភាពថា.ខ្លួនបានខ្ចីម៉ូតូឈ្មោះមុំ.កាក់រួចហើយយកទៅដាក់បញ្ចាំឲ្យគេនៅក្រុងតាខ្មៅពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការរដ្ឋាន នគរបាលស្រុកស្អាង អនុវត្តតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ