ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នៅថ្ងៃទី២៧ ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោមក្រោមប្រធានបទ«ទេសចរណ៍ និងការអភិវឌ្ឍជនបទ»-«Tourism and Rural Development»

សម្តេចមានប្រសាសន៍ថា៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន!

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្សរីករាយដោយបាន ចូលរួមជាមួយជនរួមជាតិ និងប្រជាជាតិនានាទូទាំងពិភពលោក អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ក្រោមប្រធានបទ “ទេសចរណ៍ និងការអភិវឌ្ឍជនបទ ” ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអបអរសាជាថ្មី ដែលឆ្នាំ២០១៩កន្លងទៅ ពិភពលោកបានទទួល ទេសចរអន្តរជាតិរហូតដល់ ១ ៥០០លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ ពិភពលោក (World GDP) តំណាងឱ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំ ចេញសរុបផ្នែកសេវាកម្ម។ នេះបង្ហាញថា វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញ ពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និង ផលិតផលចំណីអាហារ។ ដោយឡែក រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពោល គឺបន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព ស្ថិរភាព នយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិពីគ្រប់ភាគឺ ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដោយការធ្វើ សមាហរណកម្មអតីតកងកម្លាំងខ្មែរក្រហមក្នុងមហាគ្រួសារខ្មែរ នាឆ្នាំ១៩៩៨ វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរ ជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦,៦លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ ថែមទៀត។

ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជា ក៏ដូចជាប្រទេសនានាក្នុងពិភពលោក បានរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩ផងដែរ។ ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណី ស្លាប់ មានតែករណ៍វិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យ ជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្រ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ។ ក្នុងករណីនេះ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានសោកស្តាយក្រៃលែងចំពោះ ការខាតបង់នានារបស់ប្រជាពលរដ្ឋទូទាំងពិភពលោក ដែលបង្កឡើងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំព្រះករុណាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងសូមសម្តែងការគាំទ្រដល់អ្នកជំនាញវេជ្ជសាស្ត្រ បុគ្គលិកសុខាភិបាល ក៏ដូចជាបុគ្គលិកជួរមុខដទៃទៀត រួមទាំងបណ្ដាអ្នកស្ម័គ្រចិត្តទាំងអស់ សហគមន៍ជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធនានាសម្រាប់ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការចូលរួមអនុវត្តដោយយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្ថិភាព និងសុខភាពដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ នាអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរកន្លងទៅ ហើយដែលប្រជា ពលរដ្ឋក្នុងប្រទេសប្រមាណ ១,៥លាននាក់ បានដើរកំសាន្តនៅតាមគោលដៅទេសចរណ៍នានា និងចូលរួមបង្កើត ចំណូលដល់មូលដ្ឋានយ៉ាងតិច ១០០លានដុល្លាអាមេរិក។ ការបើកទេសចរណ៍ក្នុងស្រុកប្រកបដោយការទទួល ខុសត្រូវនេះ ទទួលបានការកោតសរសើរពីអង្គការទេសចរណ៍ពិភពលោក (UNWTO)ផងដែរ។ ដោយឡែក នាថ្ងៃ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌកន្លងទៅ ប្រជាពលរដ្ឋកម្ពុជាក៏បានធ្វើដំណើរកំសាន្តដោយប្រកាន់ភ្ជាប់នូវវិធានអនាម័យ និងសុខភាពគួរជាទីពេញចិត្ត។ យើងសង្កេតឃើញថា វិបត្តិកូវី-១៩ ធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់ទេសចរឱ្យងាកទៅរកការ

ដើរកំសាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែខ្លាំងឡើង។ ខណៈពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមនៃការចាកចេញពីតំបន់ជនបទមករស់នៅទីប្រជុំជន និងទីក្រុង ដែលធ្វើឱ្យមូលដ្ឋានទ្រទ្រង់នៃវិស័យកសិកម្ម និងវិស័យសេដ្ឋកិច្ចមូលដ្ឋានផ្សេងៗទៀត ជួបកង្វះខាតកម្លាំងពលកម្ម និងជំនាញ វិស័យទេសចរណ៍ជនបទ បានចូលរួមទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្ស និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងទំនៀមទម្លាប់ប្រពៃណី ការពារនិងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមក នូវនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ដែលសហការគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការធ្វើយុទ្ធនាការជំរុញចលនាទេសចរណ៍ក្នុង ស្រុកកន្លងមក។

ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាចលករមួយកាន់តែមានប្រសិទ្ធភាព ចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ច ជាក្បាល ម៉ាស៊ីនបង្កើតការងារដ៏ចម្បង និងមានឥទ្ធិពលមេគុណខ្ពស់ជួយទ្រទ្រង់វិស័យផ្សេងៗទៀតនៅតំបន់ជនបទ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិដូចតទៅ៖

១. បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ហើយបាននិងកំពុងប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ ការចាប់ផ្តើមឡើងវិញនៃការធ្វើដំណើរកំសាន្តក្នុងស្រុកតាម បណ្តាគោលដៅទេសចរណ៍នានាពេញផ្ទៃប្រទេស ដោយតម្កល់សុវត្ថិភាព និងសុខភាពសាធារណៈជាអាទិភាព ត្រូវបានមើលឃើញថាជាឱកាសនៃការស្តារវិស័យសេដ្ឋកិច្ចជាតិឡើងវិញ។ ដូចនេះ អាជ្ញាធរពាក់ព័ន្ធនានា ត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្តម្ភយុទ្ធសាស្រ្តមួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែល ត្រូវមានផែនការអភិវឌ្ឍន៍ជាក់លាក់ស្របតាមសក្តានុពលទេសចរណ៍នៃតំបន់នីមួយៗ ដោយមានការចូល រួមពីសហគមន៍មូលដ្ឋានក្នុងទម្រង់ភាពជាដៃគូរដ្ឋ-ឯកជន-ប្រជាជន (4P.PubicPate-Pop Partnership)។

២. ការអភិវឌ្ឍជំនាញ និងការអប់រំគឺជាគន្លឹះនៃការអភិវឌ្ឍទេសចរណ៍ជនបទ។ ក្នុងន័យនេះ រដ្ឋ ឯកជន ដៃគូ អភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍
សហគ្រិនភាព ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលជាអ្នកបម្រើសេវាកម្មទេសចរណ៍ដោយផ្តោតជាពិសេសលើ ការបង្កើត និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗ ស្របតាមបរិបទនៃវិស័យទេសចរណ៍ឌីជីថល និង និន្នាការទីផ្សារទេសចរណ៍។

៣. ការដើរកំសាន្ត ជាការស្វែងរកបទពិសោធន៍ដែលមិនធ្លាប់ជួប។ ក្នុងន័យនេះ ការយកចិត្តទុកដាក់បន្ថែមលើ ការអភិវឌ្ឍទេសចរណ៍ជនបទ ក៏ជាឱកាសនៃការស្រាវជ្រាវចងក្រងនូវគុណតម្លៃវប្បធម៌ ប្រពៃណីទំនៀម ទម្លាប់ថែមទៀតក្នុងតំបន់ ដើម្បីបង្ហាញនិងផ្តល់បទពិសោធន៍ល្អឯករបស់តំបន់នីមួយៗ ដល់ទេសចរជាតិ និងអន្តរជាតិផងដែរ ហើយដែលនឹងអាចជួយជំរុញបន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) លើសពីផលិតផលទេសចរណ៍ដែលតំបន់ជនបទតែងតែផ្តល់ជូនដូចជា៖ ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព -ផាសុកភាព ទេសចរណ៍កីឡា និងទេសចរណ៍ ធម្មជាតិ។ ដូចនេះ អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើការ រៀបចំអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍តំបន់ជនបទ ក៏ដូចជាកញ្ចប់ទស្សនកិច្ចនានា ប្រកបដោយភាព ទាក់ទាញ និងមានការចងចាំល្អ។ ជនរួមជាតិជាទីមេត្រី! ក្នុងដំណាក់កាលចំពោះមុខ ការធានាបាននូវការមិនឆ្លងក្នុងសហគមន៍ ការទប់ស្កាត់ករណីនាំចូល រួមផ្សំនឹង ការប្រតិបត្តិតាមវិធានសុវត្ថិភាព និងអនាម័យ ជាមូលដ្ឋានស្នូលនៃការកសាង ទំនុកចិត្ត និងភាពជឿជាក់ ដល់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាមិនអាចខ្វះបានក្នុងដំណើរការនៃការចាប់ផ្តើមឡើងវិញនៃវិស័យទេសចរណ៍ ក្នុងស្រុក និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួងស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សូមបន្តចូលរួមគាំទ្រ និងរួមចំណែកឱ្យ កាន់តែសកម្មក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា តាមរយៈការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ រក្សាសម្បត្តិវប្បធម៌ ប្រពៃណី ការពារបរិស្ថាន លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ រក្សាសន្តិសុខ និងសុវត្ថិភាពជូន ភ្ញៀវទេសចរ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមជូនពរឱ្យការរៀបចំ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ជាផ្លូវការនៅ ប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ដោយមានប្រទេសស៊ីលី (Chile) ជាប្រទេសសង្កេតការណ៍ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសូមថ្វាយព្រះពរ និងប្រគេនពរជូនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ឱ្យចាកផុតពីជំងឺកូវីដ-១៩ និងសូមសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖សុខខេមរា


ចែករំលែក៖