ខេត្តត្បូងឃ្មុំ ៖ រថយន្តដឹកឈេីប្រភេទលេខមួយ១គ្រឿងគ្មានច្បាប់អនុញ្ញាតចេញពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកមេមត់ បង្ក្រាបបទល្មើសធនធានជាតិឃាត់ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី ខណៈដែលអ្នកបេីកបររត់គេចខ្លួនបាត់ ។
ការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ។
លោកវរសេនីយ៍ត្រីព្រហ្ម វុទ្ធីបានឱ្យដឹងថា ការងារនេះធ្វេីឡេីងនៅវេលាម៉ោង២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយកម្លាំងសមត្ថកិច្ចឃាត់រថយន្តសាំយ៉ុងកែច្នៃ១គ្រឿង ពណ៌ខៀវ (គ្មានស្លាកលេខ) អ្នកបើកបរបានរត់គេចខ្លួនបាត់ ដឹកឈើសសរប្រភេទលេខ១ចំនួន១៤ ដើមប្រវែង ៤ ម៉ែត្រ ស្មើនឹង១,៩៦៦ម៉ែត្រគូប(គ្មានច្បាប់អនុញ្ញាត) ។ រថយន្តនេះដឹកឈើមកពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង។
លោកបញ្ជាក់ថា ចំពោះវត្ថុតាងដែលឃាត់បានខាងលេីនេះ ត្រូវប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ