ខេត្តប៉ៃលិន÷អ្នកភូមិបានប្រទះឃើញសពបុរសមានជំងឺមិនគ្រប់ម្នាក់នៅក្នុងស្រះទឹកក្បែរផ្ទះបងបង្កើតរបស់ខ្លួន ខណៈជនរងគ្រោះដើរទៅបេះបន្លែត្រកួនម្នាក់ឯង ហើយពេលនោះជំងឺរើឡើងវិញបណ្តាលឱ្យដួលធ្លាក់ទៅក្នុងស្រះទឹកលង់ស្លាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ គុយ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរស់នៅភូមិកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ដើរទៅខាងក្រោយផ្ទះតែម្នាក់ឯង ដើម្បីបេះបន្លែត្រកួននៅក្នុងស្រះក្បែរផ្ទះរបស់ឈ្មោះ គុយ ធី ត្រូវជាបងបង្កើតរបស់ខ្លួនយកមកធ្វើម្ហូប។ពេលនោះទំនងជំងឺសតិមិនគ្រប់របស់ជនរងគ្រោះរើឡើងវិញបណ្តាលឲ្យវិលមុខរអិលជើងដួលចូលទៅក្នុងស្រះទឹក លង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។
ក្រោយមកដោយបាត់ជនរងគ្រោះយូរមិនឃើញត្រឡប់មកផ្ទះវិញ បងប្រុសបានដើររកមើលក៏ប្រទះឃើញស្លាប់នៅក្នុងស្រះទឹកបង្កឱ្យមានការភ្ញាក់ផ្អើល ។
បច្ចុប្បន្ន សពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ស សារ៉េត