ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលរបស់លោកបានឃាត់ខ្លួនជនសង្ស័យ២នាក់ (ប្រុស ១នាក់, ស្រី ១នាក់) ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណី អំពើចោរកម្ម ( លួចកាច់បំបែកសោ.កម៉ូតូ ) ហើយដកហូតម៉ូតូបានចំនួន៥គ្រឿង ។
តាមរបាយការណ៍បញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួល
បណ្តឹងពីជនរងគ្រោះ១នាក់ជាជនជាតិខ្មែរ ភេទប្រុស ដែលបញ្ជាក់ថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចម៉ូតូរបស់គាត់១គ្រឿងម៉ាក HONDA ZOOMER X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-9534 ដែលគាត់ចតទុកនៅមុខអគារស្នាក់នៅ ស្ថិតក្នុងក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងផែននគរបាលព្រហ្មទណ្ឌបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកចិត្តដាក់រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ភេទស្រី នាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ។ បន្ទាប់ពីសួរនាំរួច កម្លាំងផែននគរបាលព្រហ្មទណ្ឌបានបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ភេទប្រុស ដែលជាបក្ខពួក នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ វ៉ែន បុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់៖ ម៉ូតូ ១គ្រឿង ម៉ាក ZOOMER X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-9534 ។
ជនសង្ស័យចំនួន២នាក់នោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ភូ វ៉ាន់ធី ហៅ កា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ អូរអារេវ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ សន ធីតា ហៅ ដា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ អូរអារេវ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន ៥គ្រឿង គឺម៉ាកស្គូពី ពណ៌ស២គ្រឿង, ម៉ាក អ៊ែរប្លែដ ពណ៌ទឹកមាសលាយប្រាក់ ១គ្រឿង, ម៉ាកហុងដាអេសអេច ពណ៌ស ១គ្រឿង និង ម៉ាក ហ្ស៊ូមើអុិច ពណ៌ស ១គ្រឿង(ផលនៃអំពើលួច) ,ទូរស័ព្ទដៃចំនួន ២គ្រឿង ម៉ាក HUAWEI ១គ្រឿង និង REALME ១គ្រឿង , កាបូបដាក់ប្រាក់១ ពណ៌ខ្មៅ មានប្រាក់ចំនួន ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) និង ៦៤$ (ហុកសិបបួនដុល្លារអាមេរិក), ស្លាកលេខម៉ូតូ ១សន្លឹក ( ភ្នំពេញ 1F-7203) ៕ ដោយ៖ ឆ្លាម សមុទ្រ