ភ្នំពេញ៖តារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ រងការរិះគន់ខ្លាំងពីអ្នកទស្សនាវីដេអូរបស់ខ្លួនក្រោយពីបង្ហាញខ្សែវីដេអូនៃល្បែងស្វែងរកគូឲ្យក្រុមយុវជននៅតាមទីសាធារណៈ។ ការរិះគន់នេះត្រូវបានបាញ់ចំៗឈឺៗទៅកាន់យុវជនរូបនេះថាបានបង្កើតល្បែងដែលនាំឲ្យ យុវជនខ្មែរវីវក់នឹងរឿងស្នេហាជាជាងការខំកសាងខ្លួនជាយុវជនល្អក្នុងសង្គម។
ថ្មីៗនេះមានការចែករំលែក និងជជីកសួរគ្នាទៅវិញទៅមកពេញបណ្តាញសង្គមហ្វេសប៊ុកអំពីប្រធានបទនៃការលេងល្បែងចាប់គូ ដែលបង្កើតឡើងដោយតារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ។ វីដេអូនេះត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់ រហូតអ្នកខ្លះថាជាហ្គេមដែលពង្វក់ក្មេងៗឲ្យវីវក់តែរឿងស្នេហានោះ។ ក្នុងវីដេអូមួយប្រមាណជាង១៧នាទីលើគេហទំព័រផ្លូវការរបស់ខ្លួនដែលវីដេអូនោះបានបង្ហាញអំពីការលេងល្បែងរកសង្សារឲ្យអ្នកដែលមិនដែលបានស្គាល់គ្នា និងរៀបរាប់ថា”ប្រុសមិនខូចស្រីមិនស្រលាញ់ ស្វែងរកស្នេហាពិតឲ្យអ្នកមិនដែលស្គាល់គ្នា”។ វីដេអូនេះមានអ្នកចូលទស្សនាប្រមាណជាង៣លានដងលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះមានការបញ្ចេញយោបល់ និងចែករំលែកជាច្រើនរិះគន់អំពីការបង្កើតហ្គេមចម្លែកនិងមិនចំណេញអ្វីក្រៅតែពីបង្កើតរូបភាពមិនល្អសម្រាប់សង្គម។ គេហទំព័រ Teacher Of Cambodia បានរិះគន់នឹងល្បែងនេះថា”គេគ្រប់គ្នាតែងតែខំបង្កើតវីដេអូអប់រំ វីដេអូរៀនសូត្រ ដើម្បីឱ្យសង្គមមានភាពថ្លៃថ្នូរ ។ ប៉ុន្តែ ប្អូនប្រុសម្នាក់នេះ បែរជាខំបង្កើតវីដេអូចេញមក នាំឱ្យយុវជនខ្មែរ វក់វី រឿង រកសង្សារ ចាប់គូឱ្យគ្នា…។ តើប្អូនខ្លាចយុវជនខ្មែរមួយចំនួនអត់ប្ដី អត់ប្រពន្ធមែនទេ ? ប្រភពបន្តថាក្មេងៗ ស្ថិតក្នុងវ័យសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង …. ហេតុអ្វីប្អូនបង្កើតវីដេអូ ដើរចាប់គូហើយឱ្យពួកគេដូច្នេះហាក់ដូចជាកាផ្សព្វផ្សាយតាមទូរទស្សន៍ ដល់យុវជន ក្មេងៗជំនាន់ក្រោយ ឱ្យខិតខំប្រឹងតែរឿង ចាប់គូសង្សារ អាសូរតែរឿង ល្អ ឬផ្ដល់តម្លៃឱ្យដល់សង្គមទៅនោះ គ្មានទាល់តែសោះ ឬប្អូនគិតថាឱ្យតែធ្វើអ្វីប្លែកៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តបំភ្លេចនិងបំពានមនសិការនិងភាពថ្លៃថ្នូររបស់ខ្លួន។
ប្រភពបបន្ថែមទៀតថាមុនបង្កើតអ្វីមួយសូមរកផលប៉ះពាល់និងផលល្អឱ្យឃើញ ឬអាចយក វីដេអូទាំងអស់ហ្នឹងទៅ សួរ លោកគ្រូ អ្នកគ្រូ ឬឪពុកម្ដាយ ចាស់ទុំ បើគាត់ថាល្អ ឬគាត់គាំទ្រ ខ្ញុំទទួលខុស នូវអ្វីដែល ខ្ញុំទើស ។ ជាពិសេស សួរអ្នកដែលមានចំណេះដឹងខ្ពស់ៗហើយចាំមកបង្កើតវីដេអូនេះម្ដងទៀត។ ប្រភពលើកឡើងដែរថាបើមើលតាមការបញ្ចេញមតិ ភាគច្រើនអ្នកគាំទ្រ វីដេអូ ទាំងនោះគឺ ស្ថិតក្នុងវ័យមួយ ចង់សប្បាយ ភ្លើតភ្លើនមិនដឹងអ្វីគួរ ឬមិនគួរឡើយ ព្រោះពួកគាត់ពុំទាន់ចេះគិតល្អិតល្អន់ទេ —»។ ស៊ូឱ្យអ្នកមានចំណេះដឹង១០នាក់គាំទ្រ ។ ប្រសើជាងមានមនុស្សអត់ដឹងអ្វីគួរមិនគួរ១០០០នាក់គាំទ្រ ។ សូមអត់យល់យុវជនខ្មែរមួយចំនួនដែលគាំទ្រវីដេអូហ្នឹង! ពិសេសនោះ អត់យល់ពីអ្នកធ្វើកម្មវិធីហ្នឹង! ហើយក៏មិនយល់ អ្នកដែលគាំទ្រលើការបង្កើត កម្មវិធីបែបៗហ្នឹង។ មានការលើកងឡើងដោយសូមឲ្យយកចំណេះដឹងដែលប្អូនៗបានសិក្សាជាច្រើនឆ្នាំកន្លងមក ដើម្បីមកត្រិះរិះគិតពិចារណាឱ្យបានវែងឆ្ងាយ មុននឹងធ្វើកម្មវិធីនេះឡើង ថាតើបង្កើតមកហើយ បានប្រយោជន៍ ឬជះឥទ្ធិពលយ៉ាងម៉េចខ្លះដល់សង្គមជាតិយើង?។ ប្រភពក៏បានស្នើសូមក្រសួងពាក់ព័ន្ធជួយពិនិត្យនិងពិចារណាមើលផង។ ថាតើវីដេអូទាំងនេះ សម ឬមិនសម?។ ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាហ្វេសប៊ុករូបនេះបាននៅឡើយទេ៕ដោយ៖វឌ្ឍនា