អន្តរជាតិ៖ លោក គីម សុង (Kim Song) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយទៅកាន់UN ថា៖ប្រទេសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារខ្លួនពីការឈ្លានពានទាំងឡាយ ហើយបច្ចុប្បន្ននេះគឺជាពេលដែលត្រូវផ្ដោតជាសំខាន់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច។
បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានដកស្រង់ប្រសាសន៍លោក គីម សុង ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃអង្គារម្សិលមិញនេះ (ពេលវេលានៅញូយ៉ក) ។ លោកសុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខនៃប្រទេសជាតិ និងប្រជាជនកូរ៉េខាងជើងរួចទៅហើយបច្ចុប្បន្ននេះយើងកំពុងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយ ដើម្បីស្ថាបនា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
បន្ថែមលើសពីនេះ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីស្ថានភាព COVID-19 ដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគ្រប់គ្រង និងដោះស្រាយវិបត្តិមួយនេះយ៉ាងជោគជ័យពោលគឺស្ថានការណ៍ COVID-19 កំពុងស្ថិតនៅក្នុងក្រោមការគ្រប់គ្រង និងមានស្ថិរភាព ខណៈអាជ្ញាធរកូរ៉េខាងជើងនៅតែបន្តរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ស តារា