ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតឆ្នាំទី៣ម្នាក់ជិះម៉ូតូ​ចេញពីសាលា ត្រូវរថយន្តដឹកទំនិញបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង​ ខណៈយុវជនម្នាក់ដែលជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានជិះម៉ូតូចេញពីសាលាបំណងត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបុកពីក្រោយនិងកិនបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភំ្នពេញ ។

    ជនរងគ្រោះមានឈ្មោះចាន់ វឌ្ឍនៈ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣​ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង​ បច្ចុប្បន្នស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1535 ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-8785 ដោយតៃកុងរថយន្តបានគេចខ្លួនបាត់ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កបើកមកពីក្រោយបានបុកម៉ូតូបណ្តាលឱ្យដួលរួចហើយកិនចំពាក់កណ្តាលខ្លួនជនរងគ្រោះប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ហើយបន្ទាប់ពីបង្កហេតុរួចតៃកុងឡានបានបើកទ្វាររថយន្តគេចខ្លួនបាត់ ។ 

  ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២សមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖