ខេត្តកំពង់ចាម ៖ យុវជនជាអ្នកបើកបររថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារត្រូវជនអន្ធពាលលួចវាយប្រហារដោយគប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្តត្រូវចំដើមទ្រូង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨៖៣៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រភពពីមន្រ្តីនគរបាលស្រុកចំការលើបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ត្រូវជនសង្ស័យមិនស្គាល់អត្ដសញ្ញាណបានយកដុំថ្មគប់ទៅលើរថយន្ដដែលកំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះទៅត្រូវចំដើមទ្រូងម្ដុំចុងដង្ហើមធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត ។
ប្រភពបន្តថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកំពង់ចាម ។
ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានចងក្រងសំណុំរឿងតាមនីតីវិធី៕ដោយ៖វណ្ណៈ