ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសំដែងនូវការមិនពេញចិត្តនឹងអាជ្ញាធរមូលដ្ឋាន និងខាងជំនាញរ៉ែនិងថាមពល ខ្វះការយកចិត្តទុកចំពោះការរស់នៅរបស់គាត់ ខណៈបណ្តែតបណ្តោយឱ្យក្រុមហ៊ុនបូមខ្សាច់ បញ្ឆេះម៉ាសុីនបំពងសំឡេង ថ្លង់ ពិបាកទទួលទានដំណេក ការរស់នៅជាប្រចាំ ជាមួយក្តីព្រួយបារម្ភហានិភ័យ បាក់ជ្រាំងទន្លេជាដើម។ ពួកគាត់បានលើកឡើងថា៖ ក្រុមហ៊ុនបូមខ្សាច់ពីទន្លេមេគង្គត្រូវបង្កប់ទុយោធំៗជាច្រើន ចេញពីម៉ាសុីនសាឡង់មាត់ទន្លេ កាត់តាមផ្លូវក្នុងភូមិ កាត់ដីប្រជាពលរដ្ឋ ទម្លុះផ្លូវជាតិលេខ៦អា ឆ្លងទៅក្នុងបុរីហាយឡាយ ម្ខាងផ្លូវជាតិលេខ៦អា រាប់រយម៉ែត្រ បូមខ្សាច់គរ ដូចភ្នំ ដែលមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋអៈអាងថា ម្ចាស់ក្រុមហ៊ុនឈ្មោះតាទ្រី ធ្វើអាជីកម្មបូមខ្សាច់ជាង៤ឆ្នាំទៅហើយ។
ពាក់ព័ន្ធករណីនេះលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាថា៖ កន្លែងបូមខ្សាច់នោះ មានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែនិងថាមពល ហើយខាងក្រុមហ៊ុនបានយកឯកសារមកតម្កល់នៅសង្កាត់ និងចែកជូនប្រជាពលរដ្ឋគ្រប់គ្នាក្នុងភូមិក្តីចាស់។
លោកបន្តថា៖ ប្រជាពលរដ្ឋក៏បានផ្តិតមេដៃឯកភាព ឱ្យក្រុមហ៊ុនបូមខ្សាច់នៅទីនោះ ពិសេសក្រុមហ៊ុនបានដោះស្រាយជូនប្រជាពលរដ្ឋគ្រប់គ្នា ។ ចំពោះបញ្ហាបូមខ្សាច់បំពងសំឡេងម៉ាសុីនពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ឬម៉ោង៧យប់ រំខានដល់ប្រជាពលរដ្ឋនោះ លោកចៅសង្កាត់បាក់ខែង បានធ្វើការបកស្រាយថា៖ បញ្ហានេះមានមែន ..គឺមានម្តងម្កាលប៉ុណ្ណោះ ដោយហេតុផលថា ពេលខ្លះមានសាឡង់មកដឹកក៏បណ្តាលឱ្យលើសម៉ោងប៉ះពាល់ដល់ប្រជាពលរដ្ឋមែន ហើយលោកនឹងមើលការងារនេះ។
ទោះជាមានការលើកឡើងបែបនេះពីលោក គង់ ប៊ុនលី ក៏ដោយ ។ ប៉ុន្តែប្រជាពលរដ្ឋបញ្ជាក់ថា គ្មានឃើញខាងក្រុមហ៊ុនផ្តល់ឯកសារណាម្តងឡើយក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅហើយ។
លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអោយដឹងថា៖ ទីតាំងបូមខ្សាច់នោះមានច្បាប់ តែបើការបូមបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ ឬប្រជាពលរដ្ឋប្រតិកម្ម លោកនឹងចុះពិនិត្យមើល ព្រោះមួយរយៈនេះ លោក យល់ថាមិនមានអ្វីកើតឡើង។
លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពល រាជធានីភ្នំពេញ មិនបានធ្វើការបកស្រាយអ្វីវែងឆ្ងាយទេ តាមទូរស័ព្ទជាមួយអង្គភាព«នគរដ្រេហ្គន» លោកថា តើគេបូមកណ្តាលទន្លេឬកន្លែងណា .! បើបូមមាត់ជ្រាំងទន្លេនោះមិនខុសអីទេ លោកថាទូរស័ព្ទពិបាកស្តាប់គ្នា ខ្សោយសេវា រួចក៏បិទទូរស័ព្ទទៅ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យខាងអាជ្ញាធរមូលដ្ឋានមេត្តា ពិភាគ្សាគ្នាជាមួយខាងក្រុមហ៊ុនបូមខ្សាច់ ធ្វើយ៉ាងណារកកន្លែងទីតាំងបូមឱ្យឆ្ងាយពីផ្ទះប្រជាពលរដ្ឋរស់នៅបន្តិច នោះមិនសូវឮសំឡេងម៉ាសុីនបំពងរំខានដល់ការរស់នៅប្រចាំថ្ងៃ ។ ពួកគាត់ថា អ្នកធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ខ្លួនឯង ដូច្នេះក៏គិតដល់សិទ្ធរស់នៅរបស់ប្រជាពលរដ្ឋដែរ។
ប្រជាពលរដ្ឋលើកឡើងថា៖ តាទ្រីម្ចាស់ក្រុមហ៊ុនបូមខ្សាច់ខាងលើ គាត់បានជួលដីពីលោកយាយ(អ៊ុំ ម៉ុន) អាយុជិត៧០ឆ្នាំ ដែលរស់នៅម្នាក់ឯង គាត់មិនខ្វល់អីទេ ដោយសារគាត់បានកម្រៃថ្លៃឈ្នួល ប៉ុន្តែប្រជាពលរដ្ឋនៅម្តុំនោះច្រើននាក់ទេ រងគ្រោះការធ្វើអាជីវម្មពីម៉ាសុីនបូមខ្សាច់បំពងសំឡេងពេញៗមួយថ្ងៃ ។
ជុំវិញបញ្ហានេះ ម្ចាស់ក្រុមហ៊ុនបូមខ្សាច់ឈ្មោះ (តាទ្រី) ដែលកាន់លេខទូរស័ព្ទ 012864838 បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ ខ្ញុំឈប់ជាម្ចាស់ទីតាំងបូមខ្សាច់នោះហើយ ដោយសារខ្ញុំបានផ្ទេទៅឱ្យអ្នកថ្មី ដូច្នេះគេធ្វើអាជីវកម្មអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋខ្ញុំអត់ដឹងទេ ទុកឱ្យគេ ដោះស្រាយខ្លួនគេទៅ។
ករណីខាងលើគួរអាជ្ញាធរមូលដ្ឋាន និងខាងជំនាញចុះពិនិត្យជាក់ស្តែងដោះស្រាយជូនប្រជាពលរដ្ឋផង ខណៈគាត់រងគ្រោះដោយសារអាជីវកម្មបូមខ្សាច់នេះជាង៤ឆ្នាំមកហើយ។ ម្យ៉ាងទៀតការបើកម៉ាសុីនពីម៉ោង៦ព្រឹក ដល់ម៉ោង៧យប់ ពេលខ្លះដល់ម៉ោង៨យប់ទៀត។ មិនដឹងជាលិខិតអនុញ្ញាតអាជីវកម្ម ផ្តល់សិទ្ធសេរីបូមទាំងយប់ ទាំងថ្ងៃ បំពានលើសិទ្ធរស់នៅរបស់ប្រជាពលរដ្ឋតាមអំពើចិត្តបែបនេះ ឬមួយយ៉ាងណា ..៕
ដោយ៖ សុខ ខេមរា