ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បានរថយន្តដឹកលើសទំងន់បំផ្លាញផ្លូវជាតិ ចំនួន៥គ្រឿងនៅស្វាយអន្ទរ

ចែករំលែក៖

ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍ពីជំនាញឱ្យដឹងថា៖ ក្រុមចល័តក្រសួងបានបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥ គ្រឿងលើផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

សូមបញ្ជាក់ថា៖ តាមរបាយការណ៍គឺ នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ លោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានស្ថានីយជញ្ជីងព្រែកព្នៅ​ និងស្ថានីយជញ្ជីងថ្នលើទទឹង បានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ ៨ នៃឃុំព្រៃខ្លា ស្រុកស្វាយអន្ទរខេត្តព្រៃវែង។ 

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកពោត និងឥដ្ឋ ចំនួន១១ គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ១៦តោន ដល់ ៣៥តោន។  រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្យាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

ក្នុងកិច្ចប្រតិបត្តិការនេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

សូមជម្រាបថា៖ កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង២ យប់ នៅថ្ងៃបន្ទាប់៕ដោយ៖ សិលា


ចែករំលែក៖