ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ (តាមប្រព័ន្ធវីដេអូ) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ (តាមប្រព័ន្ធវីដេអូ) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងការបរទេសបានបញ្ជាក់ថា៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា ចក្រកកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩។

កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅទូទាំង ពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ថែមទៀត រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង និង ផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ដោ យ ប្រកាន់ខ្ជាប់នូវ វត្ថុបំណងប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមាន តម្លៃសមរម្យ។

កិច្ចប្រជុំបានស្វាគមន៍សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ចូលរួមចំណែកបរិច្ចាគថវិកាចំនួន ១លានផោន ដល់មូល និធិអា ស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ -១៩ ក៏ដូចជា ការគាំទ្រ ជាយុទ្ធសាស្រ្តនូវថវិកាចំនួន ០,៥ លានផោន ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ ចេញនូវគោលនយោបាយនានាប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ -១៩។ កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

កម្ពុជា គាំទ្រថវិកាចំនួន ៤,៨ លានផោន ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការពារជំងឺកូវីដ-១៩។ 

ប្រទេសសមាជិកអាស៊ានបានលើកទឹកចិត្តដល់ចក្រភពអង់គ្លេសឱ្យជួយគាំទ្រ និងចូលរួមចំណែកដល់ការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្ត្រក្នុងតំបន់ ដើម្បីជួយឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះតម្រូវការផ្គត់ផ្គង់វេជ្ជសាស្រ្តជាបន្ទាន់។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីអាទិភាពផ្សេងៗទៀតនៃវិស័យកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងចក្រភពអង់គ្លេស ដើម្បីដោះស្រាយការបង្អាក់សង្វាក់ផ្គត់ផ្គង់ គាំទ្រសេដ្ឋកិច្ចសកល តាមរយៈពាណិជ្ជកម្មបើកចំហ សម្រួលកំណើនសេដ្ឋកិច្ចអន្តរជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព ស្តារឡើងវិញនូវទំនុកចិត្តធុរកិច្ច នៅក្នុងតំបន់ និងដើម្បីគាំទ្រការតភ្ជាប់តំបន់។

ក្នុងកំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីការ គាំទ្ររបស់កម្ពុជាចំពោះការស្នើសុំរបស់ចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនា និងបញ្ជាក់ថា អាស៊ាន និងចក្រភពអង់គ្លេស នៅតែអាចធ្វើការជាមួយគ្នាបាន ក្នុងអំឡុងពេលកំពុងរង់ចាំការ យល់ព្រមលើសំណើ ជាពិសេសទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និង វិនិយោគ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស។ លោកក៏បានលើកឡើងថា មានសេចក្តីត្រូវការចាំបាច់សម្រាប់អាស៊ាន និងចក្រភពអង់គ្លេស រួមជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៃសហគមន៍អន្តរជាតិ ដើម្បីបង្កើតជាសម្ព័ន្ធសកល ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា ចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលា នូវវ៉ាក់សាំងប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពសម្រាប់ភាគីទាំងពីរ ដើម្បីរិះរក វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនានា ក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិបើកចំហរ និង ការបង្កើតច្រកធ្វើដំណើរសុវត្ថិភាព សម្រាប់អ្នកជំនួញ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរ ពាណិជ្ជកម្ម និងវិនិយោគ រវាងចក្រភពអង់គ្លេស និងតំបន់អាស៊ាន ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖