ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅតែបន្តកេីតមាន​ ខណៈកម្លាំងនៅតែបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ធំ៖​ រហូតមកដល់ថ្ងៃនេះ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ​ ដោយកម្លាំងសមត្ថកិច្ចចម្រុះ​ នៅតែបន្តធ្វើសកម្មភាពក្ដៅគគុករាល់ថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃទី ១៨,​ ១៩ ខែមីនា ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនឹងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពបង្ក្រាបទល្មើសនេសាទនៅក្នុងលំហរបឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ​ ឃុំពាមបាង ស្រុកស្ទោង នៃខេត្តកំពង់ធំ។

តាមរបាយការណ៍ដឹកនាំបញ្ជាផ្ទាល់តាមតំបន់នីមួយៗ បានឲ្យដឹងថា បទល្មើសនេសាទជាទូទៅនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានការថយចុះ ប៉ុន្តែសកម្មភាពនេសាទខុសច្បាប់នៅតែកើតឡើងនៅកន្លែងមួយចំនួន ដែលកងកម្លាំងចម្រុះមានការចន្លោះប្រហោង ឬធ្វេស ប្រហែស​ ពិសេសជនល្មើសតែងតែលួចប្រព្រឹត្តដាក់ឧបករណ៍នេសាទល្មើសច្បាប់នៅពេលយប់។ ជាក់ស្ដែងដូចជានៅចំណុចចាប់ពីព្រែកជើងលោង រហូតដល់ព្រែកទាល់ និងព្រែកតាសោម កម្លាំងចម្រុះបានរុះរើរបាំងសាច់អួនរាប់សិបម៉ែត្រ បង្គោលជាច្រើនដើម លុកស្បៃមុង និងលូស្បៃមុង រាប់សិបម៉ែត្រ ព្រមទាំងលែងត្រីចូលបឹងធម្មជាតិវិញផងដែរ។

ប្រតិបត្តិការថ្ងៃដដែលនោះ នៅចំណុចភូមិសាស្ត្រអន្លង់កញ្ចុះ សង្កាត់រដ្ឋបាលជលផល ពាមបាង បបានឃាត់ចាប់កាណូតដឹកជញ្ជូនលៀស១គ្រឿង និងបានចាក់លៀសចូលក្នុងទន្លេវិញចំនួន​ ២០០គីឡូក្រាម​ និងឃាត់ខ្លួនមនុស្ស​ ២នាក់​ ធ្វើកិច្ចសន្យា អប់រំណែនាំ។

ដោយឡែកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្គ្រាបបទ ល្មើសនេសាទនៅចំណុចជ្រោយតាសោម និងកោះតាប ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ចំនួន២ ករណីជាលទ្ធផល អនុវត្តបានរបាំងសាច់អួនប្រវែង​ ២០០ម៉ែត្រ​ របាំស្បៃមុង២០របាំង ស្មើនឹង១០០០ម៉ែត្រ​ ឡុកសាច់អ៊ួនចំនួន​ ៤២គ្រឿង លបមាត់លូ ៤២ បង្គោល​៥៥០ ដើម និងចាក់លែងត្រី១៥គីឡូក្រាម​ ផងដែរ។

នៅថ្ងៃដដែលនេះ កម្លាំងចម្រុះឈរជើងចំណុចឃុំពាមបាង ចុះរុះរើរបាំងស្បៃមុងចំនួន​ ៣៣របាំង ប្រវែង២២៥០ម៉ែត្រ​ ឡុកចំនួន​ ៣៣មាត់ លបមាត់លូចំនួន​ ៣៥មាត់ និងបង្គោលចំនួន​ ១២១០ដើម ចាក់លែងត្រី​ ២០គីឡូក្រាម​ និងបន្តចុះសារម៉ងនៅតំបន់អភិរក្សទន្លេរឆ្មា បានចំនួន​ ៥៥០០ម៉ែត្រ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណ:កម្មការការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិ គ្រប់គ្រងធនធានធម្មជាតិ​ ខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់​ លោក នួន​ ផារ័ត្ន​ អភិបាលខេត្តកំពង់ធំ រយៈពេលជិតពីរខែកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកង កម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញរបាំងសាច់អួន និងរបាំង ស្បៃមុងខុសច្បាប់បានប្រវែងរាប់ម៉ឺនម៉ែត្រព្រមទាំងបង្គោលរបាំងឈើ រាប់ម៉ឺនដើមនៅក្នុងលំហបឹង ទន្លេសាប និងបានចាប់ឃាត់ខ្លួនជនល្មើសបញ្ជូនទៅកាន់តុលាការបានមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន​ បានប្តេជ្ញាថា​ នៅពេលខាងមុខកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ ដើម្បីការពារឲ្យបាននូវធនធានមច្ឆជាតិឲ្យមានការសម្បូរឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖