ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានចូលរួមពិធីសម្ពោធអគារសាលារៀន អគារស្នាក់នៅយោធាចារ្យ និងបើក-បិទវគ្គហ្វឹកហ្វឺនជំនាញនានារបស់ទ័ពពិសេសនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់។
សមិទ្ធផល ដាក់សម្ពោធនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងក្រសួងអប់រំ យុវជន និងកីឡា ហើយអគារទាំងនេះ នឹងជួយសម្រួលបន្ថែមសម្រាប់បម្រើការងារហ្វឹកហ្វឺនយោធិនឱ្យកាន់តែរឹងមាំ ចូលរួមជាមួយរាជរដ្ឋាភិបាលការពារបូរណភាពដែនដី អធិបតេយ្យជាតិ សុខសន្តិភាព សុខសុវត្ថិភាព និងស្ថិរភាពសង្គម។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកបានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានទ័ពពិសេស និងយោធាចារ្យទាំងអស់ ដែលតែងតែគិតគូរអភិវឌ្ឍធនធានមនុស្សសម្រាប់ជាតិមាតុភូមិ និងអភិវឌ្ឍសាលាមួយនេះជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯកបានជូនពរប្អូនៗយោធិន ចូលរួមវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូ វគ្គបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ និងជំនាញសង្គ្រោះគ្រោះមហន្តរាយ បន្តខិតខំប្រឹងប្រែងក្រេប ជញ្ជក់នូវចំណេះដឹងពីយោធាចារ្យ បង្កើនសមត្ថភាព និងស្មារតីតស៊ូប្រយុទ្ធ។
ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត ក៏សូមអបអរសាទរដល់ប្អូនៗយោធិន ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង និងវគ្គឆត្របញ្ជា ដោយជោគជ័យ និងទទួលលទ្ធផលល្អប្រសើរ។ សូមប្អូនៗបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្តទៀតជាប្រចាំ រៀនពីគ្រប់គ្នា រៀនពីគ្រប់ទីកន្លែង៕
ដោយ៖ សូរិយា