ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើទស្សនកិច្ចសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយ ភូមិទី២ (USESDP-II) នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង

ចែករំលែក៖

កែប៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាសាតូ កាន់ដា (Masato Kanda) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានចុះទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ដែលជាសាលាមធ្យមសិក្សាធនធានគោលដៅមួយ ក្រោមការគាំទ្ររបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)។ ដំណើរទស្សនកិច្ចនេះត្រូវបានចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជានាយកគម្រោង លោកជំទាវអភិបាលរងស្ដីទី លោកអភិបាលរង នៃគណៈអភិបាលខេត្តកែប អាជ្ញាធរដែនដី មន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំគម្រោង មន្ត្រីអនុវត្តគម្រោង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលា រៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងជួបជាមួយនាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីស្វែងយល់ពីផលជះ និងសមិទ្ធផលដែលសម្រេចបានពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី។

ប្រតិភូបានចុះពិនិត្យសមិទ្ធផលនានាដែលសម្រេចបានរបស់សាលារៀន តាមរយៈ៖ (១). ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ និងការណែនាំពីសាលារៀនដោយសិស្សានុ សិស្ស (២). ការបង្ហាញអំពីទស្សនៈយល់ឃើញរបស់សិស្សានុសិស្សលើការជំរុញលើកទឹកចិត្តក្នុងការពិសោធនៅបន្ទប់ពិសោធន៍គីមីវិទ្យា និងរូបវិទ្យា (៣). សកម្ម ភាពអាននៅបណ្ណាល័យស្តង់ដាសតវត្សរ៍ទី២១ (៤). ការបង្ហាញអំពីផែនការរៀនសូត្ររបស់សិស្សានុនសិស្សនៅបន្ទប់កុំព្យូទ័រ (៥). ការពន្យល់ដោយសង្ខេបអំពីការសិក្សាបែបគម្រោងដែលជាសកម្មភាពពិសោធន៍ក្រៅថ្នាក់ (៦). ទស្សនាសកម្មភាពកំពុងអនុវត្តបន្តរបស់កម្មវិធីក្រៅម៉ោងសិក្សានៅបន្ទប់ពហុបំណង និង (៧). ការទស្សនាសួនជីវៈចម្រុះនៅក្នុងបរិវេណសាលារៀន។

ជាលទ្ធផល ប្រតិភូបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ចំពោះការអភិវឌ្ឍសាលារៀន និងការផ្ដល់សេវាបង្រៀន ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដែលឆ្លុះបញ្ចាំងតាមរយៈ ការទទួលបាននូវពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី ឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានជ័យលាភីជាប្រចាំក្នុងការប្រកួតកម្មវិធីគម្រោងស្ទែម និងជ័យលាភីគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ ជាដើម។

តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងកិច្ចអន្តរាគមន៍ពីគម្រោង មានលទ្ធផលល្អប្រសើរចំពោះគ្រប់ភាគីពាក់ព័ន្ធ។ ដែលក្នុងនោះ សិស្សានុសិស្សបានខិតខំរៀនសូត្រ គោរពវិន័យ ធ្វើស្វ័យសិក្សា និងប្រើ ប្រាស់បន្ទប់ ICT និងបន្ទប់ពិសោធន៍ ដែលនាំឱ្យលទ្ធផលសិក្សារបស់ពួកគេកើនឡើង។ គ្រូបង្រៀនបានយល់ដឹង និងចេះប្រើប្រាស់វិធីសាស្ត្របង្រៀនបែបថ្មី ដូចជាបែបសិក្សាស្រាវជ្រាវ បែបគម្រោង និងបែប STEM ព្រមទាំងមានទំនុកចិត្តក្នុងការដឹកនាំ និងប្រើប្រាស់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រក្នុងការបង្រៀន។ គណៈគ្រប់គ្រងសាលារៀនមានទំនុកចិត្ត និងភាពច្បាស់លាស់ក្នុងការដឹកនាំការអភិវឌ្ឍសាលារៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ សហគមន៍ រួមទាំងអ្នកអាណាព្យាបាល មានជំនឿទុកចិត្តលើសាលា រៀន ចូលរួមអភិវឌ្ឍសាលារៀន និងសកម្មភាពនានាយ៉ាងសកម្ម សហការជាមួយគ្រូបន្ទុកថ្នាក់ គ្រូបង្រៀនគ្រប់មុខវិជ្ជា ចូលរួមតាមដានលទ្ធផលសិក្សារបស់កូន និងផ្តល់ជាមតិត្រឡប់មកសាលារៀន។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យម សិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ ត្រូវអនុវត្តរយៈ ពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕

ដោយ៖ សូរិយា


ចែករំលែក៖