ភ្នំពេញ ៖ “រៀបចំមេដាយជូនមន្រ្ដីតាមក្រសួង-ស្ថាប័នរដ្ឋ សូមផ្ដោតធ្វើឱ្យច្បាស់ថាមន្ត្រីដែលសកម្ម និងមានវត្ដមានធ្វើការ មិនមែនមន្ត្រីដែលអត់មានមុខមកធ្វើការ ឬមានបញ្ហាអីមួយផ្សេងៗនោះទេ គឺសុំឱ្យចំគោលដៅតែម្ដង” ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពីការរៀបចំមេដាយការងារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ៖
១. ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច ១០ឆ្នាំឡើង ហើយមិនដែលបានទទួលមេដាយសោះ។
២. លក្ខខណ្ឌ៖ ជាមន្ត្រីសកម្ម មានវត្តមាននៅកន្លែងការងារ និងមិនដែលមានបញ្ហាណាមួយ។
៣. ការស្រង់ឈ្មោះនេះ អនុវត្តទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា ទាំងថ្នាក់ជាតិ និងក្រោមជាតិ។
៤. ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវរៀបចំសារាចរថ្មីមួយទៀតពាក់ព័ន្ធការទទួលមេដាយ ៕
ដោយ ៖ សិលា