ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០:២០នាទី ស្ថិតនៅចំណុចខាងត្បូងផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ហិង្សាដោយចេតនាមានស្ថានទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់-ក្រុងសំរោង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរនារីខារ៉ាអូខេ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង (ត្រូវជាប្រពន្ធ)និងចាប់បោច សក់បោកក្បាលទៅលើបេតុង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ក្រោយទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសាកសួរតាមនីតិវិធី។
ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១និង៣០នាទី ខ្លួនបានទៅផឹកស្រានៅផ្ទះជាមួយឈ្មោះ សំ ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ហាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រហូតដល់ម៉ោងប្រហែល ១៧និង១០នាទី ខ្លួនក៏បានទិញស្រាជាងកន្លះកេស ទៅផឹកលេងបន្តនៅផ្ទះពួកម៉ាកឈ្មោះ ទុន សម្បត្តិឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។ ក្នុងពេលរូបខ្លួនកំពុងអង្គុយផឹកស្រាអស់ប្រហែលជា ៣ កំប៉ុង ស្រាប់តែប្រពន្ធរបស់ខ្លួនឈ្មោះ ចាន់ ស្រីរ័ត្ន បានទូរស័ព្ទប្រាប់ថា មកដឹកខ្លួនត្រឡប់ទៅផ្ទះវិញ។
បុរសជាប្ដីបានបន្ថែមថា មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្លួនក៏បានមកដល់ហើយក៏កើតមានការឈ្លោះ ប្រកែកគ្នា។ ពេលនោះប្រពន្ធរបស់ខ្លួនបានជេរប្រមាថយ៉ាងច្រើន ធ្វើឲ្យរូបខ្លួនខឹងយ៉ាងខ្លាំង ហើយក៏ស្ទុះទៅចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែង ហូរឈាមសន្លប់បាត់ទៅ។
ក្រោយពីធ្វើសកម្មភាព កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសំរោង មកដល់ហើយមកនាំបុរសជាប្ដីទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត៕
ដោយ៖ សូរិយា