ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្រធាន និងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌីLOD ៤នាក់នៅខេត្តកំពង់ឆ្នាំង ក្រោយពីទៅរឹបអូសយកម៉ូតូនៅផ្ទះកូនបំណុលគ្មានការអនុញ្ញាតពីព្រះរាជអាជ្ញា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុគ្គលិកក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLOD ចំនួន៤នាក់ក្នុងនោះមានម្នាក់ជាប្រធានសាខាខេត្ដកំពង់ឆ្នាំង បានសំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បី​រឹបអូសម៉ូតូ មួយគ្រឿង​ពីកូនបំណុល ដោយមិនមានការអនុញាតិពីស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដោយសារកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ ។

ហេតុការណ៍ខាងលើនេះ បាន​កើតឡើង​នៅថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២០​ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្ត​កំពង់ឆ្នាំង។

ប្រភពបន្ដថា បន្ទាប់ពី​ប្រជាពលរដ្ឋបាន​ឃើញ​ហេតុការណ៍​ ដ៏សាហាវគ្មានធម៌មេត្តា របស់បុគ្គលិក ក្រុម​ហ៊ុន​អិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់មានលក្ខណៈហឹង្សា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះជួយធ្វើអន្តរគមន៍ភ្លាមៗ ។

បន្ទាប់មកលោក​ អ៉ិត សុធា ព្រះ រាជអាជ្ញាអយ្យការ​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ បានទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគីរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម​ហ៊ុនអចលន​ទ្រព្យ​អិ​ល​អូឌី​តែម្តង ។

ប្រភពព័ត៌មានបន្ដថា មូលហេតុដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហិង្សាក្នុងការរឹបអូសទ្រព្យកូនបំណុល ក្នុង​ដំណាក់​កាល​កូវីដ–១៩ ​ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ​អិលអូឌី LOD មានឋានៈជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មួយរូបផងដែរ ។

ជនសង្ស័យទាំង៤នាក់ ខាងលើមាន៖

ទី១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ។

ទី២.ឈ្មោះ ញ៉េសសារីនភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ។

ទី៣.ឈ្មោះ អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​។

ទី៤.ឈ្មោះ ហេង គង្គា អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត​កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិតចំណែក​វត្ដុតាងសមត្ថកិច្ច ដកហូតរួមមានម៉ូតូចំនួន០២គ្រឿង ។

គួរបញ្ជាក់ផងដែរថា ដោយសារបុគ្គលិកក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLODទាំងនេះ អនុវត្តបញ្ច្រាស់ទិស ពីអនុសាសន៍ ដ៏​ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​បាន​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ទូទាំង​ប្រទេស​ មេត្តា​យោគយល់​ និងលើកលែង ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​តែ​មាន​ជីវភាព​លំបាកខ្វះខាត ក្នុង​ដំណាក់​កាល​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ-១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ កូនបំណុល។

បច្ចុប្បន្នជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា ត្រូវ​បាន​បញ្ជូន​មកទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅព្រឹក​ថ្ងៃទី​៣​០ ខែកញ្ញា​ឆ្នាំ​២០២០ ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់៕ដោយ៖សហការី


ចែករំលែក៖