ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញវីដេអូស្តីពីសមត្ថភាពគ្មានគូប្រៀប របស់កម្លាំងទាហាន ជើងគោករុស្ស៊ី ក្នុងឱកាសខួបគម្រោង ៤៧០ ឆ្នាំថ្ងៃបង្កើតទាហានជើងគោក។ នៅក្នុងឃ្លីបវីដេអូ ទាហានរុស្ស៊ីបានបាញ់មីស៊ីល Tornado-G ដល់ទៅ៥០០គ្រាប់ក្នុងរយៈពេល២០ វិនាទី។ ទិវានៃការបង្កើត កម្លាំងទាហានជើងគោក គឺបានធ្វើឡើងនៅថ្ងៃទី១ខែតុលាជារៀងរាល់ឆ្នាំ។
កម្លាំងទាហានជើងគោក រុស្ស៊ី មានភារកិច្ចការពារព្រំដែន ជាតិ ទប់ស្កាត់ និងវាយប្រហារទៅលើសត្រូវឈ្លានពានទឹកដី។ ទន្ទឹមនឹងនោះ ក៏បានពង្រឹង កម្លាំងជួរមុខការពារ ព្រមទាំងសហការជាមួយកម្លាំងទាហានការពារដែនអាកាសទប់ស្កាត់ ការឈ្លានពានពីសត្រូវ។
ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ រុស្ស៊ីបានធ្វើសមយុទ្ធ ដល់ទៅជាង ២០០០លើក គ្រប់កម្រិត ពីតូចដល់ធំ ពីការធ្វើសមយុទ្ធដាច់ដោយឡែក នៃកម្លាំងទាហានជើងទឹក ជើងគោក និងជើងអាកាស ព្រមទាំងសមយុទ្ធរួមនៃកម្លាំងចំរុះ។
នៅក្នុងឆ្នាំ២០២០ កម្លាំងទាហាន ថ្មើជើង រុស្ស៊ី បានទទួលអាវុធ ដល់ទៅ ២៥០០ ប្រភេទ ក្នុងនោះមានទាំងរថក្រោះ T-72B3M, T-80BVM និង T-90M ។ ក្រៅពីនេះនៅមាន កាំជ្រួចមីស៊ីលការពារដែនអាកាស Buk-MZ ជាប្រភេទថ្មីបំផុត ។
ចាប់តាំងពីប្រធានាធិបតី ពូទីន ឡើងកាន់អំណាច លោកបានអនុវត្តគោលនយោបាយ ពង្រឹងវិស័យយោធា ដោយបង្កើនការធ្វើសមយុទ្ធ ហើយសមយុទ្ធបានធ្វើឡើងដោយមិនមានការព្រៀងទុកនោះឡើយ ដើម្បីឲ្យកម្លាំងទាហានរុស្ស៊ីមានការត្រៀមលក្ខណៈជានិច្ចក្នុងការធ្វើសង្គ្រាម ៕ដោយ៖ធី រីណា