ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ÷រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

ចែករំលែក៖

មាន​និទាន​មួយ​ដំណាល​ថា  មាន​អាមាត្យ​ម្នាក់​តែង​រក្សា​និង​រាប់​ផ្លែ​ព្នៅ​ព្រះ​រាជ​ទ្រព្យ របស់​ព្រះ​មហាក្សត្រ​មួយ​អង្គ កាល​ណា​ផ្លែ​ព្នៅ​នោះ​ទុំ ក៏​បេះ​យក​ទៅ​ថ្វាយ​ជានិច្ច​ពុំ​ដែល​ខាន។ គាប់ជួនថ្ងៃមួយនោះ​នោះ បុរស​ម្នាក់​កាន់​ទំពក់​ទៅ​បេះ​ផ្លែ​ព្នៅ ដើរ​ទៅ​ក្បែរ​ខាង​ដើម​ព្នៅ ដែល​អាមាត្យ​នៅ​ថែ​រក្សា​នោះ ។ អាមាត្យ​មើល​ទៅ យល់​បុរស​នោះ​កាន់​ផ្លែ​ព្នៅ​នៅ​ថ្នក់ ទំពក់​នៅ​ដៃ ក៏​ទៅ​រាប់​ផ្លែ​ព្នៅ​នៅ​ដើម​នោះ​មើល ឃើញ​តែ​ទង​ទទេ​ទើប​គិត​ថា “ សម​ជា​អា​លី​ទំពក់​នឹង​ផ្លែ​ព្នៅ​ដើរ​ទៅ​អម្បាញ់មិញ នេះ​ឯង ជា​ចោរ​លួច ” ។ អាមាត្យ​ក៏​រត់​ទៅ​តាម​ចៅ​នោះ ឃើញ​មាន​ផ្លែ​​ព្នៅ​នៅ​ថ្នក់​ទំពក់​នៅ​ដៃ​មែន ហើយ​ក៏​ចាប់​កោះ​យក​ទៅ​ប្ដឹង​ចៅក្រម​ថា “ ចៅ​នេះ​ឯង ជា​ចោរ​លួច​ផ្លែ​ព្នៅ​ព្រះ​រាជ​ទ្រព្យ ខ្ញុំ​ចាប់​បាន​ផ្លែ​ព្នៅ​នៅ​ថ្នក់​ទំពក់​នៅ​ដៃ ” ។

ចៅក្រម​ដណ្ដឹង​សួរ​ថា “ ចៅ​ឯង​ជា​ចោរ​លួច​បេះ​ផ្លែ​ព្នៅ​ព្រះ​រាជ​ទ្រព្យ​មែន​ឬ​ទេ ? ” ។ ចៅ​នោះ​ឆ្លើយ​ថា “ ខ្ញុំ​មិន​មែន​ជា​ចោរ​លួច​ទេ, ឯ​ផ្លែ​ព្នៅ​នេះ​ខ្ញុំ​បេះ​មក​ពី​ព្រៃ​ដទៃ​ទៀត​ទេ ” ។ ទើប​ចៅក្រម​នាំ​សេចក្ដី​នោះ ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​តាម​ដំណើរ​សេចក្ដី​នោះ​សព្វ​គ្រប់ ។

ព្រះ​មហាក្សត្រ​មាន​បន្ទូល​ថា “កុំ​អាល​ឲ្យ​គាប​វា​ឡើយ” ហើយ​ត្រាស់​បង្គាប់​ឲ្យ​យក​ផ្លែ​ព្នៅ​អំពី​ចៅ​នោះ ទៅ​ដាក់​ផ្ទាប់​ទល់​នឹង​ទង ដែល​ផ្លែ​ព្នៅ​ជ្រុះ​ចេញ​ទៅ​នោះ តើ​ត្រូវ​ឬ​មិន​ត្រូវ រួច​សឹម​ទម្លាក់​ផ្លែ​ព្នៅ​នោះ​ទៅ​ដី ហើយ​ពិចារណា​រក​ដើម​ហេតុ​ឲ្យ​ឃើញ​ពិត​ប្រាកដ​សិន​បើ​ឃើញ​ថា គួរ​មាន​ទោស​សឹម​ធ្វើ​ទោស​វា ” ។

អាមាត្យ​ទទួល​ព្រះ​រាជ​ឱង្ការ ហើយ​យក​ផ្លែ​ព្នៅ​នោះ​ទៅ​ដាក់​ល​នឹង​ទង​ព្នៅ ឃើញ​ថា​មិន​ត្រូវ​ទំនង​គ្នា​សោះ ហើយ​ទម្លាក់​ទៅ​ដី ផ្លែ​ព្នៅ​នោះ​ក៏​ជ្រុះ​ទៅ​ក្នុង​ថ្លុក​កប់​ភក់​ទៅ ។ ព្រះ​អង្គ​ឲ្យ​យក​ផ្លែ​ព្នៅ ដែល​ជ្រុះ​អំពី​មុន​នោះ​ទៅ​ដាក់​ផ្ទាប់​ល​មើល ក៏​ឃើញ​ត្រូវ​នឹង​ទង​នោះ​មែន ហើយ​ត្រាស់​បង្គាប់​ឲ្យ​យក​ផ្លែ​ព្នៅ​ខុស​នឹង​ទង​វា​ឲ្យ​ទៅ​បុរស​លី​ទំពក់​វិញ ហើយ​ឲ្យ​បើក​លែង​ទៅ ។ ចៅ​នោះ​ក៏​យក​ទំពក់​និង​ផ្លែ​ព្នៅ​របស់​ខ្លួន​ទៅ​កាន់​ទី​លំនៅ​អាត្មា​វិញ ។

ព្រះ​មហាក្សត្រ​ទ្រង់​រក​សេចក្ដី​ពិត បាន​ឃើញ​ជាក់​ស្ដែង​ដូច្នេះ​ហៅ​សុគតិគមនំ ត្រូវ​តាម​គន្លង​ធម៌​ហោង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖