ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិ​អាមេរិកម្នាក់ ក្រោយ​ជាសះស្បើយ​ពី​ជំងឺអេដស៍រយៈពេល១២ឆ្នាំ ប៉ុន្តែមកស្លាប់ដោយសារ​ជំងឺមហារីក​ឈាម

ចែករំលែក៖

អន្តរជាតិ៖បើតាមការប្រកាសរបស់អង្គការសង្គមអេដស៍អន្តរជាតិ (IAS) នៅថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះថា លោក Timothy Ray Brown ជនជាតិអាមេរិក គឺជាមនុស្សទីមួយដែលព្យាបាលជាសះស្បើយពីជំងឺអេដស៍អស់រយៈពេល១២ឆ្នាំក្រោមមក ក៏បានទទួលមរណភាពដោយសារជំងឺមហារីកឈាម (leukemia)

​​អង្គការសង្គមអេដស៍អន្តរជាតិ (IAS) បន្តថា លោក Brown ដែលស្គាល់ថា«​អ្នកជំងឺបែរឡាំង​» ត្រូវបានប្រកាសថាជាសះស្បើយពីជំងឺអេដសន៍ក្នុងឆ្នាំ២០០៨ មួយឆ្នាំមុនការប្រកាសនេះ លោក Brown ត្រូវបានវះកាត់ប្តូរខួរឆ្អឹង ក្នុងទីក្រុង បែរឡាំង ប្រទេស អាល្លឺម៉ង់ ដើម្បីព្យាបាលជំងឺឈាមសស៊ីឈាមក្រហម (acute myeloid leukemia)​ ព្រោះខួរឆ្អឹងដែលលោកទទួលបាននោះ គឺផ្ទុកហ្សែកម្រម្យ៉ាងដែលប្រឆាំងនឹងវីរុសហ៊ី(HIV) ស្គាល់ថា CCR5-delta 32 វាបានផ្ទេរទៅឲ្យលោក Brown​នេះមានន័យថា លោកលែងត្រូវថ្នាំប្រឆាំងវីរុសហើយលោកបន្តគ្មានវីរុសដែលបង្កទៅជាជំងឺអេដស៍ រហូតមក ក្នុងពេលខែចុងក្រោយ ជំងឺមហារីកឈាមលោក បានងើបឡើងវិញហើយបានជ្រាបចូលដល់ឆ្អឹងខ្នង និងខួរក្បាល

បន្ថែមពីនេះអង្គការ​IAS បានប្រកាសពីការស្លាប់របស់លោក Brown នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ហើយបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោកផងដែរ លោក Brown អាយុ៥៤ឆ្នាំ ដែលកើតក្នុងសហរដ្ឋអាមេរិក បានកើតជំងឺអេដស៍ ខណៈលោកបានរស់នៅក្នុងទីក្រុងបែរឡាំងក្នុងឆ្នាំ១៩៩៥ ហើយក្នុងឆ្នាំ២០០៧ លោកបានកើតជំងឺមហារីកឈាម

នៅទូទាំងពិភពលោក មនុស្ស៣៨លាននាក់ កំពុងរស់នៅជាមួយជំងឺអេដស៍ នេះបើតាមអង្គការសហប្រជាជាតិ ករណីជាសះស្បើយរបស់លោកBrown បានផ្ដល់ក្តីសង្ឃឹមឲ្យពិភពលោកថា ការព្យាបាលជំងឺអេដស៍អាចធ្វើទៅបាន

គួរបញ្ជាក់ថា មនុស្សទីដែលជាសះស្បើយពីជំងឺអេដស៍ត្រូវបានប្រកាសកាលពីដើមឆ្នាំ២០២០នេះ គឺលោក Adam Castillejo ដែលស្គាល់ថា​«​អ្នកជំងឺឡុងដ៍​» បានទទួលការព្យាបាលស្រដៀងគ្នាទៅនឹងលោក Brown ៕ដោយ៖ស តារា


ចែករំលែក៖