ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួននាវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០បន្ទាប់ពីរូបគេបានធ្វេីសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេច កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ.យ ហៅខ្ញុង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក មានទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមដំណេីររឿង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ស្ត្រីជាជនរងគ្រោះបានចូលដេកក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយកូនស្រីអាយុ៤ឆ្នាំម្នាក់ តែជនរងគ្រោះពុំបានចាក់សោទ្វារផ្ទះទេ គឺគ្រាន់តែយកទូរទស្សន៍ទប់ទ្វារពីខាងក្នុង ដោយសារទ្វារផ្ទះអត់មានគន្លឹះ។
រហូតដល់វេលាម៉ោង២និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះកំពុងតែដេកលង់លក់ស្រាប់តែជនសង្ស័យដែលជា អ្នករស់នៅក្នុងភូមិជាមួយគ្នាមានផ្ទះចម្ងាយពីគ្នា១០ម៉ែត្រ ហើយជាអ្នកស្គាល់រាប់អានគ្នា បានបើកទ្វារផ្ទះរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពបើកមុង រួចទាញផ្តាច់ខ្សែកង្ហារដែលមានចរន្តភ្លើង ហើយឆក់ជនរងគ្រោះ តែជនរងគ្រោះ បានភ្ញាក់ដឹងខ្លួនប្រឹងរើបម្រះ និងស្រែកឱ្យអ្នកជិតខាងជួយ ។ ពេលនោះ ជនសង្ស័យក៏បាននិយាយគំរាមថា កុំស្រែកប្រយ័ត្នងាប់ រួចជនរងគ្រោះក៏ឈប់ស្រែក ហើយជនសង្ស័យក៏បានដាល់ពោះជនរងគ្រោះ១ដៃ និងដើមទ្រូងចំនួន២ដៃ ព្រមទាំងយកដៃទាំងសងខាងច្របាច់កនាងថែមទៀត ធ្វើឱ្យជនរងគ្រោះឈឺចុកចាប់ខ្លាំងរើលែងរួចជនសង្ស័យក៏ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន១លើក។ បន្ទាប់មក ជនសង្ស័យបានយកកន្សែង ពោះគោពណ៌ខៀវរបស់ជនរងគ្រោះចងដៃនាងផ្អោបទៅខាងមុខនិងយកក្រមាក្រឡាការ៉ូចងមាត់នាង ហើយដាក់នាងឱ្យដេកផ្ងារដោយពុំមានស្លៀកពាក់ខោអាវ រួចក៏ដើរគេចខ្លួនចេញទៅវិញបាត់ទៅ។ ចំណែកជនរងគ្រោះបានព្យាយាម ស្រាយចំណងចេញវិញ រួចស្លៀកពាក់ខោអាវ ហើយដេកបន្ត។ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ កេត សុខម៉ាន ភេទប្រុស អាយុ៣១ឆ្នាំ (ប្តីរបស់ជនរងគ្រោះ) បានត្រឡប់មកពីធ្វើការរត់តុការឱ្យគេនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញវិញ ឃើញជនរងគ្រោះមានស្នាមនៅលើ.ក ក៏បានសួរនាំជនរងគ្រោះ ទើបជនរងគ្រោះនិយាយរឿងហេតុខាងលើ ប្រាប់ប្តីឱ្យបានដឹង រួចឈ្មោះ កេត សុខម៉ាន ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចជួយ ស្រាវជ្រាវឃាត់ខ្លួនយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ចាប់យកវត្ថុតាងនិងស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ ប៉ុន្តែជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ជនសង្ស័យខាងលើបានមកពូនសម្ងំលាក់ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់តែម្តង ។
ពេលសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យមិនបានឆ្លើយសារភាពទេ តែដោយការចង្អុលបង្ហាញពីជនរងគ្រោះទៅលើជនសង្ស័យ ,ស្លាកស្នាមនៅត្រង់កជនរងគ្រោះ និង វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ បាន បញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ៕
ដោយ៖ ភារ៉ា ដង្កោ