ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះខ្សែកាប្លិ៍ ខ្សែអុបទិក ខ្សែអុីនធើណេតចម្រុះ ផ្អើលប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ មានការឆ្លងចរន្តអគ្គិសនីឆេះខ្សែកាប្លិ៍ ខ្សែអុបទិក ខ្សែអុីនធើណេតចម្រុះ ដែលតភ្ជាប់អូសបន្តគ្នាពីបង្គោលភ្លើងមួយទៅបង្គោលភ្លើងមួយតាមចិញ្ចើមផ្លូវ ផ្អើលប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវលេខ៦៣កែងផ្លូវលេខ១៧៨ ក្រោយវត្តកោះ មុខកន្លែងលក់ត្រីលម្អផ្ទះយីហោ ស៊ូទៀង  ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលគាត់កំពុងសម្រាន្តលង់លក់ក្នុងផ្ទះរបស់គាត់ ស្រាប់តែឮសំឡេងផ្ទុះផាំងៗដូចគេដុតផាវ រូបគាត់ក៏បានបើកទ្វារផ្ទះដើរចេញទៅមើល ស្រាប់តែឃើញខ្សែភ្លើងនៅចំណុចកើតហេតុកំពុងឆាបឆេះយ៉ាងខ្លាំង ទើបគាត់ស្រែកឆោឡោ ដើម្បីហៅអ្នកជិតខាងឱ្យភ្ញាក់ពីដំណេកចេញមកជួយពន្លត់គ្នា ទើបបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរតែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ ។

ក្រោយមកក៏មានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួលចូលទៅបាញ់ពន្លត់ផងដែរ។ ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ និងរៀបចំទុយយោដើម្បីបាញ់ពន្លត់ភ្លើង តែគ្រប់ខ្សែភ្លើងទាំងអស់នោះសុទ្ធតែមានចរន្តភ្លើង ហើយនៅផ្ទុះបែកផ្កាភ្លើង ទើបសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យបញ្ជាក់ថា មិនអាចយកទឹកទៅពន្លត់បានឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់យើងមិនខានឡើយ ដោយរង់ចាំទំនាក់ទំនងទៅខាងអគ្គិសនីកម្ពុជា បិទផ្ដាច់ចរន្តអគ្គិសនីសិន ទើបអាចបាញ់ទឹកពន្លត់បាន។ មួយសន្ទុះក្រោយមករថយន្តពន្លត់អគ្គិភ័យក៏បានបាញ់ទឹកពន្លត់ភ្លើងទាល់តែរលត់ទៅវិញទាំងស្រុង ដោយប្រើទឹកអស់មួយរថយន្ត និងមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើង ខ្សែអុបទិកផ្សេងៗធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ ហើយនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ ៕ជ្រោយពេជ្រ


ចែករំលែក៖