ភ្នំពេញ៖នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក វរផុត វរផៃសាន (Warapod Warapisan) សេនានុព័ន្ធកងទ័ពជើងអាកាសថៃ នាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ដើម្បីជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតយោធារយៈពេល ៣ឆ្នាំនៅកម្ពុជា។
នាឱកាសនោះ លោកវរសេនីយ៍ឯក វរផុត វរផៃសាន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ បណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានាបានល្អក្នុងពេលកន្លងមក។
លោកសេនានុព័ន្ធកងទ័ពជើងអាកាសថៃ បានវាយតម្លៃខ្ពស់ចំពោះការហ្វឹកហាត់រួមគ្នារវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញឱ្យឃើញពីសមត្ថភាព និង កិត្យានុភាពមានភាពទាន់សម័យ បើធៀបជាមួយនឹងអរិយ្យប្រទេសនានាលើសកលលោក។
ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្តចំពោះការដឹកនាំនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ មានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេសស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានភាពល្អប្រសើរ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រាថ្នាចង់បានបំផុតនូវការកសាងព្រំដែនមួយមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទាក់ទងលើវិស័យយោធា នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក ដែលកងទ័ពប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ក៏ដូចជាការរួមសហការគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ នៅតាមព្រំដែន។
ទន្ទឹមនេះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណកងទ័ពភូមិន្ទថៃ ដែលបានបង្កលក្ខណៈឲ្យកងយោធពលខេមរភូមិន្ទទៅធ្វើការសិក្សានៅព្រះរាជាណាចក្រថៃ ហើយនាយឧត្ដមសេនីយ៍ បានមានជំនឿថា នៅក្រោយបញ្ចប់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងបន្តកិច្ចសហការជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត៕
ដោយ៖ ស សម