កីឡាករ Novak Djokovic ជាកីឡាករវាយតឺន្នីសចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកបានយកឈ្នះកីឡាករ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open កាលពីរាត្រីម្សិលមិញ។
កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីរូបនេះបានប្រកួតយ៉ាងស្វិតស្វាញដោយខកចិត្តក្នុងការចាញ់សិតទី១ ប៉ុន្តែបានបន្តឈ្នះសិតទី២ និងបន្តបន្ទាប់ដោយលទ្ធផល ៤-៦ ៦-២ ៦-៣ ៦-៤ ។ វាជាការប្រកួតម្តងទៀតនៃកម្មវិធី US Open កាលពីខែកញ្ញា ដែល Djokovic ត្រូវបានលុបចោលដោយសារការវាយកូនបាល់ត្រូវអាជ្ញាកណ្តាល ហើយ Djokovic នឹងត្រូវជួបជាមួយកីឡាករ Stefanos Tsitsipas នៅវគ្គបន្ទាប់។
កីឡាករ Djokovic មានវ័យ៣៣ឆ្នាំបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំពិតជាមិនមានអារម្មណ៍អស្ចារ្យក្នុងការចូលទៅកាន់វគ្គបន្តនៅថ្ងៃនេះ។ មានរឿងខ្លះបានកើតឡើងនៅក្នុងរាងកាយរបស់ខ្ញុំ។ ខ្ញុំត្រូវដោះស្រាយបញ្ហារាងកាយដែលនឹងមកដល់នៅពេលខាងមុខ ខណៈការប្រកួតបានបន្តខ្ញុំ មានអារម្មណ៍ប្រសើរជាងមុន មិនមានអារម្មណ៍ឈឺចាប់ខ្លាំងនោះទេ។ ប៉ុន្តែអ្នកដឹងទេខ្ញុំមិនចង់ដកអ្វីចេញពីការប្រកួតដ៏ល្អនោះទេជាពិសេសសម្រាប់ការប្រកួតជាមួយ Pablo Carreno Busta ដែលគាត់គឺជាកីឡាករល្អជាងគេដែលខ្ញុំធ្លាប់ជួបកន្លងមក”៕ដោយ៖ភារៈ