ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កំពុងបន្តពិភាក្សាលើ “ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣”

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តពិភាក្សាលើ “ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣”។ នេះបើតាម លោក ផៃ សុីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អោយដឹងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ៖
សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន ពីការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៤-២០១៨៖ បានផ្ដល់អាទិភាពខ្ពស់ក្នុងការទប់ស្កាត់ ឆ្លើយតប និងកិច្ចអន្តរាគមន៍ដោះស្រាយអំពើហិង្សាលើស្ត្រី និងអំពើហិង្សាក្នុងគ្រួសារ ដោយបញ្ហាទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឯកសារជាតិសំខាន់ៗ ដូចជាយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ហើយសូចនាករសំខាន់ៗ ត្រូវបានដាក់ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។ ក្រសួងកិច្ចការនារីដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ ការពារសិទ្ធ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះជាច្រើននៅក្នុងផែនការយុទ្ធសាស្ត្រ របស់ក្រសួង (ផែនការយុទ្ធសាស្ត្រនារីរតនៈ) ហើយបានដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធក្នុងការរៀបចំ និងការអនុវត្តសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីចំនួនពីរ (ទី១ ឆ្នាំ២០០៩-២០១៣ និងទី២ ឆ្នាំ២០១៤-២០១៨)។ ទន្ទឹមនឹងនេះ ផ្អែកលើឯកសារស្តីពីការវាយតម្លៃពាក់កណ្ដាល អាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ២០១៤-២០១៨ កម្ពុជាក៏សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដូចបានរៀបរាប់នៅក្នុងឯកសារសេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។ លើសពីនេះទៀត ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ដោយមានកិច្ចសហការពីអង្គការសហប្រជាជាតិផងដែរ កំពុងរៀបចំសាកល្បងកន្លែងផ្ដល់សេវាចម្រុះ នៅមន្ទីរពេទ្យខេត្តចំនួន២ គឺខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង ដែលកន្លែងផ្ដល់សេវាចម្រុះនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការសម្របសម្រួលផ្ដល់សេវាចាំបាច់ជូនជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដូចជាសេវាពិគ្រោះយោបល់ផ្លូវចិត្ត សេវាសុខភាព សេវាផ្នែកច្បាប់ សង្គមកិច្ច និងសេវាសំខាន់ៗមួយចំនួនទៀត ដែលឆ្លើយតបទៅនឹងតម្រូវការជនរងគ្រោះ ដើម្បីផ្ដល់កិច្ចការពារជួយជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានចុះកិច្ចព្រមព្រៀងជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងកិច្ចការនារីក៏បានសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោហ៊ុន សែន ដែលមាននៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងគោលបំណងបង្កើននូវលទ្ធភាពក្នុងការទទួលបានយុត្តិធម៌សម្រាប់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។
មូលហេតុ និងភាពចាំបាច់ក្នុងកាធ្វើបច្ចុប្បន្នកម្ម ផែនការសកម្មភាពជាតិស្ដិពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៤-២០១៨៖ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានដ៏ត្រចេះត្រចង់ដូចបានរាយការណ៍ជូនខាងលើ ក៏នៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈមថ្មីដែលបណ្ដាលមកពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សង្គម ប្រព័ន្ធព័ត៌មានវិទ្យា និងសកលផាវូបនីយកម្ម។ ទម្រង់នៃអំពើហិង្សាលើស្ត្រីដែលកើតឡើងភាគច្រើននៅកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាល និងអំពើហិង្សាផ្លូវភេទ ដែលសកម្មភាពទាំងនោះរួមមាន៖ ការប្រើប្រាស់ហិង្សា
ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធសេរីភាព ហើយបុព្វហេតុចម្បងនៃអំពើហិង្សាលើស្ត្រី ត្រូវបានទទួលស្គាល់ជាទូទៅថា បណ្ដាលមកពី “វិសមភាពយេនឌ័រ និងការរើសអើង” ក្នុងនោះក្រុមស្ត្រីងាយរងគ្រោះ មានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សា ដូចជាអំពើហិង្សាផ្លូវកាយ ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចជាដើម។ អំពើហិង្សាលើស្ត្រី គឺជាឧបសគ្គដ៏ចម្បងដែលរារាំងដល់ការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍជាតិ និងជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងសង្គមផងដែរ ដោយរដ្ឋបាលខាតបង់ថវិកាលើការចំណាយសម្រាប់សេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះ និងកូនៗ សេវាសង្កមកិច្ច ដើម្បបីស្ដារនីតិសម្បទាស្ត្រីរងគ្រោះ សេវាច្បាប់ និងសេវាគាំទ្រចាំបាច់មួយចំនួនទៀត។
ដំណើរការ និងខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ២០១៩-២០២៣៖ សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ២០១៩-២០២៣ ត្រូវបានអភិវឌ្ឍឡើងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ (ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពដែលមានចំណងជើង “កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា នៅក្នុងគោលដៅទី៥ ស្ដីពី “សម្រេចឱ្យបានសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រី និងកុមារគ្រប់រូប”។ សេចក្ដដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤រួមមាន យុទ្ធសាស្ត្រទី១៖ការបង្ការទប់ស្កាត់ យុទ្ធសាស្ត្រទី២៖ កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ យុទ្ធសាស្ត្រទី៣៖ ច្បាប់ និងគោលនយោបាយ យុទ្ធសាស្ត្រទី៤៖ ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ។ ផែនការសកម្មភាពជាតិលើកទី៣ ជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធទាំងនោថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអមពើហិង្សាលើស្ត្រី និងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធខ្ពស់ ក្នុងគោលបំណងឆ្ពោះទៅកាត់បន្ថយទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីលើកកម្ពស់សមធម៌ និងបរិយាបន្នសង្គម ស្របនឹងទិសស្លោកនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព “មិនទុកនរណាម្នាក់ចោល”។ ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ទាមទារឱ្យមានកិច្ចសហការ និងការប្ដេជ្ញាចិត្តរួមគ្នារវាងក្រសួង ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ សំដៅប្រែក្លាយផែនការសកម្មភាពនេះ ឱ្យក្លាយទៅជាការអនុវត្តជាក់ស្ដែងទៅតាមវិស័យនីមួយៗ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ឆ្លើយតប ផ្ដល់កិច្ចអន្តរាគមន៍ និងកិច្ចការពារជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖