ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងថ្មីប្រុសស្រី៦រូបទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន

ចែករំលែក៖

    ភ្នំពេញ៖ តារាចម្រៀងទាំង៦រូបដែលរួមគ្នាជាក្រុម ប្រុស៣នាក់ស្រី៣នាក់នោះមានដូចជា៖ លោក នូ សុវណ្ណដាណេ, លោកអ៊ុងសុវណ្ណារិទ្ធិ និងលោក រិន ឆាន្នី ខណៈដែលក្រុមនារីគឺមានកញ្ញា ហ្វារីដា, កញ្ញា វឿន ជីវ៉ា និងកញ្ញា ឡៅ មុន្នីវ៉ាន់

ពិតជា ចាប់អារម្មណ៍ក្រោយពីតារាចម្រៀងប្រុសស្រី៦រូបបានបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីលើកញ្ចក់ទូរទស្សន៍ស្ទើររៀងរាល់ចុងសប្តាហ៍។

ការសហការគ្នា និងទឹកដមសំនៀងពិរោះរណ្តំចិត្តបានកា្លយទៅជាចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជន។

លោក យ៉េប រ៉ូហ្វាតជាផលិតករ និងជាអ្នកគ្រប់គ្រងសិល្បករ និងជាអ្នកបង្កើតក្រុមទាំងពីរនេះឡើងបានលើកឡើងថា ដោយសារតែសមត្ថភាព ទឹកដមសំនៀង ការស្រលាញ់រាប់អាន និងសាមគ្គីភាពគ្នាក្នុងក្រុមការងារលោក ទើបនឹងសម្រេចចិត្តបង្កើតក្រុមចម្រៀងស្រីប្រុសទាំងពីរឡើងដើម្បីកុំឲ្យទស្សនិកជនធុញទ្រាន់ នឹងរូបភាពដដែលៗរបស់ពួកគាត់កន្លងមក។ លោកថាបង្កើតត្រឹមរយៈពេលខ្លីមែន ប៉ុន្តែពួកគាត់ទទួលបានការកោតសរសើរពេញចិត្តច្រើនពីអ្នកគាំទ្រ រួមទាំងផលិតករទូរទស្សន៍នានាផ្តល់ឱកាសឲ្យបង្ហាញមុខជាញឹកញាប់លើកញ្ចក់ទូរទស្សន៍។ លោកថាពួកគាត់សុទ្ធតែជាសិល្បករមានស្នាដៃ និងរូបសម្រស់សមរម្យពិសេសពួកគាត់ស្រលាញ់និងគោរពការងារទើបលោកជ្រើសរើសពួកគាត់ឲ្យរួមគ្នា ហើយក៏មានក្រុមហ៊ុនជាច្រើនពេញចិត្តទាំងសមត្ថភាព និងការតុបតែងខ្លួនដ៏ទាក់ទាញនេះផងដែរ។ លោកថា ក្រោយពីទទួលបានការពេញចិត្តច្រើនលោកត្រៀមនឹងបញ្ចេញបទចម្រៀងមួយចំនួនរួមគ្នាដែលអាចជាការច្រៀងរួមគ្នារបស់តារាចម្រៀងប្រុស៣រូបផ្សេង និងស្រី៣រូបផ្សេង រួមទាំងច្រៀងរួមគ្នាទាំង៦រូបផងដែរ។ លោករំពឹងដែរថា ស្នាដៃថ្មីរូបភាពថ្មីនេះនឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ហើយលោក និងសិល្បករទាំងអស់នឹងប្រឹងប្រែងបន្ថែមសម្រាប់ការច្នៃប្រឌិតបទចម្រៀងថ្មីស្របតាមតម្រូវការនិងការគាំទ្រ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖