ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរកំពុងស្វះស្វែងរកអន្តរាគមន៍ជួយ ករណីពលការិនីម្នាក់ចាញ់បោកមេខ្យល់ទៅបម្រើការក្នុងប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញព័ត៌មានលើបណ្ដាញទំនាក់ទំនងសង្គមមានករណីពលការិនីម្នាក់ ដែលត្រូវបានមេខ្យល់បោកឲ្យទៅបម្រើការងារនៅប្រទេសចិន ហើយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងករណីខាងលើ អនុវត្តតាមមតិដឹកនាំរបស់ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាក្រុមការងារ ប្រតិកម្មរហ័សបានបញ្ជូនករណីនេះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីជួយអន្តរាគមន៍ដោះស្រាយ ពិសេសសំដៅជួយពលការិនីខាងលើ ឲ្យត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចាត់កម្លាំង ជំនាញធ្វើការទំនាក់ទំនងជាមួយពលការិនីខាងលើដើម្បីរកអាសយដ្ឋានពិតប្រាកដដែលកំពុងស្នាក់នៅឯប្រទេសចិន នឹងបានកំពុងបន្តស្វែងរក សាច់ញាតិរបស់ពលការិនីនៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឈានដល់ការអន្តរាគមន៍នាំយកនារីរងគ្រោះ ត្រឡប់មកប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិងកំពុងសហការជាមួយអង្គការដៃគូ និងស្ថាប័ន ពាក់ព័ន្ធដើម្បីជួយរំដោះនារីរងគ្រោះខាងលើស្របតាមនីតិវិធី។

គេសង្ឃឹមថាសមត្ថកិច្ចកម្ពុជាអាចជួយនារីរងគ្រោះបានជោគជ័យព្រោះកន្លងមកសមត្ថកិច្ចកម្ពុជាជួយជនរងគ្រោះបានច្រើនករណីមកហើយ៕ដោយ៖អារុណរះ


ចែករំលែក៖