ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្ទឹងត្រែងជម្លៀសប្រជាពលរដ្ឋជិត ២០០នាក់ ក្នុងចំណោមជិត៣ពាន់នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព !

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹក នាំមន្ត្រីក្រោមឧិវាទ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រី នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះពិនិត្យស្ថានភាពទឹក ជំនន់ទន្លេមេគង្គ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជិត ៣ពាន់នាក់ រងផលប៉ះពាល់ និងរងគ្រោះ ដោយសារការ ហក់ឡើងនៃជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមកនេះ។

  ការចុះទៅកាន់ទីដែលរងការជន់លិច និងធ្វើការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព របស់គណៈអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នោះ គឺបានធ្វើឡើងនៅថ្ងៃទី១១តុលាឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

  យោងរបាយការណ៍របស់រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០តុលា ដល់ថ្ងៃ ទី១១តុលាឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានហូរចាក់ចូលទន្លេមេគង្គ ហើយទឹកបានហូរមកគ្របដណ្តប់ដែនដី រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ក្នុងនោះមាន ៦ឃុំ គឺឃុំអន្លង់ភេ ,ឃុំអន្លង់ជ្រៃ ,ឃុំចំការលើ ,ឃុំស្រែឬស្សី ,ឃុំកាំងចាម និងឃុំអូររៃ និង ១៤ភូមិ បានរងផលប៉ះពាល់ និងរងការជន់លិចពីជំនន់ទឹកភ្លៀង។

  របាយការណ៍រដ្ឋបាលស្រុក បានបង្ហាញទៀតថា ក្នុងឃុំទាំង ៦ និង ១៤ភូមិ មានប្រជាពលរដ្ឋ ៧១៥ គ្រួសារ ស្មើនឹង ២ពាន់ ៧៦៦នាក់ បានរងផលប៉ះពាល់ និងរងគ្រោះដោយសារជំនន់ទឹកទន្លេមេគង្គ ហើយ អាជ្ញាធរបានធ្វើការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ៥៥គ្រួសារ ស្មើនឹង១៦៨នាក់ ទៅកាន់ទីទួលមានសុវត្ថិ ភាព រីឯផ្ទះដែលរងការជន់លិច មានចំនួន ៦៩៣ខ្នង។ 

  អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋដែលរស់ នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាប ដែលធ្លាប់ទទួលរងការជន់លិច ពីទឹកជំនន់ទន្លេមេគង្គ ត្រូវមានការប្រុង ប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច ជាពិសេស ត្រូវប្រយ័ត្នចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយនោះទេ បើមានការថ្លោះធ្លោយ នោះប្រាកដជាកើតមានករណីលង់ទឹកជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ ក៏ត្រូវប្រុង ប្រយ័ត្នចំពោះសត្វអសិរពិស បើកើតមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺឲ្យបានទាន់ពេលវេលា និងក៏ត្រូវប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ផងដែរ។

 លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងត្រូវត្រៀមឲ្យបានស្រេច នូវ ឧបករណ៍ មធ្យោបាយ សម្ភារៈបរិក្ខា និងកម្លាំងសរុប សម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ខណៈជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងទៀតនោះ។

  មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានបង្ហាញរបាយការណ៍ថា នៅថ្ងៃទី១២តុលានេះ ទឹកទន្លេមេគង្គ មានកម្ពស់ ៧,១៤ម៉ែត្រ កម្ពស់ដែលត្រូវប្រកាសអាសន្ន ១០,៧០ម៉ែត្រ ឡើងលើសថ្ងៃម្សិល មិញ ០,៥៣ម៉ែត្រ ,ទន្លេសេសាន ទឹកមានកម្ពស់ ៥,៣០ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ១០,៥០ម៉ែត្រ ឡើងលើសថ្ងៃម្សិលមិញ ០,០៥ម៉ែត្រ ,ទន្លេសេកុងទឹកមានកម្ពស់ ១០,៥២ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ១១,៥០ម៉ែត្រ ថ្ងៃនេះឡើងលើសថ្ងៃម្សិលមិញ ១,៥៨ម៉ែត្រ ៕

ដោយ៖សូរិយា


ចែករំលែក៖