ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំនន់ទឹកភ្លៀង ដែលបានជន់លិចមួយចំនួននៅរាជធានីភ្នំពេញ និងស្រកអស់មកជាធម្មតាវិញហើយ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញា៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃ១២តុលា នេះថា៖ នៅសល់ប្រមាណជា៣ទៅ៤ ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី ១២ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកអស់មកជាធម្មតាវិញ ខណៈក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពុន ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពី រសៀល និងយប់ថ្ងៃទី១១ខែតុលាដោយចាប់ពីម៉ោង ២និង៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអធ្រាត្រ។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈលោក ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ ដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយ បូមទឹកបឹងទំពុននាព្រឹកថ្ងៃទី១២ខែតុលានេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាខណៈយើងប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ០២កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាង និងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។

លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសំរុកបូមទឹកនៅ នៅស្ថានីយបឹងទំពុននេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ  ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួនទៀត ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បើមាន ភ្លៀងខ្លាំងបែបនេះទៀត គឺយើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។

លោកឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញដោយសារការលិច លង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងខ្លាំងណាស់ដើម្បីដោះស្រាយលើការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយសារ តែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។

លោកបន្តថា៖ គ្រោះធម្មជាតិកាលពីយប់មិញជា គ្រោះ ធម្មជាតិមួយដែលរាជធានីភ្នំពេញរបស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀតក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។ លោកថា៖ ឆ្នាំខាងមុខយើង នឹងយកកម្រិតទឹកភ្លៀងនៅពេលនេះធ្វើជា ទេហិក ដើម្បីរៀបចំ ម៉ាស៊ីនបូមទឹក ប្រឡាយអាងស្តុកទឹកឱ្យមានស្ថេភាពល្អប្រសើរទៅថ្ងៃអនាគត។

    សូមបញ្ជាក់ថា៖ កំណាត់ផ្លូវ៣៧១នៅចំណុច ស្ថានីយបឹងទំពុននេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញបានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃទី១២ តុលានេះហើយ ស្ថាន ភាពនៅស្ថានីយនេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ៕

ដោយ៖សំរិត


ចែករំលែក៖