ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ឃួង ស្រេង អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ

ចែករំលែក៖

    ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ។

  លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មុននឹងឈានទៅដល់ការកសាងអគាររដ្ឋបាលខណ្ឌ ដូនពេញ និងខណ្ឌ ៧មករា បានផ្តើមចេញពីការជួសជុលកែលំអ កសាងថ្មី ហេដ្ឋារចនាសម្ព័ន្ធទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមក និងយកជាគំរូ កែលំអ កសាងថ្មី នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទាំង ១៤ ឱ្យមានការឯកភាពគ្នាតាមគំរូ និងស្ទង់ដាតែមួយ។ 

មានមតិក្នុងពិធីនេះដែរ លោកឃួង ស្រេង បានមានប្រសាសន៍ កោតសរសើរចំពោះកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ រក្សាស្ថេរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កវិទ្ធង្សនា បដិវត្តពណ៌ បង្រ្កាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ការពារអាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ រក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងបានខិតខំកសាងនូវសំណង់ អគាររដ្ឋបាល កន្លែងធ្វើការបានសមរម្យនិងមានស្ទង់ដាតែមួយ។ 

  ក្នុងនេះដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា  មានប្រសាសន៍ថា អគារនេះនិងដើរតួនាទី យ៉ាងសំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថខណ្ឌ ក៏ដូចជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅ ធ្វើការ ដើម្បីរួមជាមួយនិងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ប្រតិបត្តិនូវតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ 

លោក នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវអំណរគុណ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ ដែលបានផ្តល់ទីតាំងនិងគាំទ្រដល់ដំណើរសាងសង់ និងថ្លែងនូវការកោតសរសើរ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលបានដឹកនាំកៀងគរចលនាសប្បុរសជន ប្រមូលមូលិធិសម្រាប់ដំណើរការ ការសាងសង់សំណង់នេះ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានបរិច្ចាកថវិកា ទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ជួយឧបត្ថម្ភ ធ្វើអោយសំណង់មួយនេះ បានកកើតឡើងជារូបរាងពិតប្រាកដ ព្រមទាំងជូនពរដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី  ទាំងអស់សូមប្រកបដោយ សុខភាពល្អ បរិបូរ សុភមង្គល  និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងចំរ៉ុងចំរើនក្នុងការប្រកបរបរអាជីវកម្ម។

លោក នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ដើម្បីអនុវត្តតួនាទី ភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវកិច្ចការអាទិភាព ៧ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព

១. ការហូបចុក

២. ស្លៀកពាក់

៣. ការសាងសង់សំណង់អគារសម្រាប់ស្នាក់នៅ ធ្វើការ រៀនសូត្រ

៤. ការថែទាំសុខភាព

៥. ការអប់ររំ ហ្វឹកហ្វឺននិងរៀនសូត្រ

៦. ការធានាមធ្យោបាយធ្វើដំណើរ ឧបករណ៍ សម្ភារគ្រឿងបំពាក់

៧. កំសាន្ត លំហែរ និងគោលនយោបាយសរសើរ លើកទឹកចិត្ត ព្រមទាំងដោះស្រាយនៅពេលជួបទុក្ខលំបាក។

ពិធីដែលកំពុងដែលប្រារព្ធនាពេលនេះ ស្ថិតនៅក្នុងការងារអាទិភាពទី៣ ដូច្នេះគ្មានការងារដែលកងរាជអាវុធហត្ថ ធ្វើហើយគ្មានផែនការ ឬគ្មានការគិតទុកជាមុននោះទេ។

 ជាមួយគ្នានេះដែរ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ បានរំលឹកដល់កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ក៏ដូចជា កងរាជអាវុធហត្ថទូទាំងប្រទេស

១. ទំរាំកសាងនូវអគារមួយនេះឡើង ពិតជាលំបាក ចំណាយពេលវេលានិងថវិកា ដោយមានការចូលរួមជាច្រើនប្រភព សូមអស់លោកយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់ឲ្យបានយូរអង្វែង

២.ត្រូវបន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការអនុវត្តតួនាទី ភារកិច្ច ពិសេសត្រូវតាមដាននិងក្តាប់ជាប់នូវព័ត៌មានប្រែប្រួល ការងារអប់រំ ពង្រឹងការងារនីតិវិធី ធ្វើជាគំរូល្អក្នុងការគោរពវិន័យកងទ័ព គំរូក្នុងការប្រតិបត្តិច្បាប់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងប្តេជ្ញាការពារដាច់ខាត ច្បាប់រដ្ឋធម្មនុញ្ញ ៣.ទោះបីកម្ពុជា ការពារបាននូវការរាលដាលជំងឺកូវីដ១៩ ក៏ដោយ ត្រូវបន្តគោរពនូវវិធានប្រយុទ្ធប្រឆាំងកូវីដ១៩ តបតាមការក្រើនរំលឹករបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តអនុវត្តអាវុធហត្ថម្នាក់ៗ សុវត្ថិភាព បន្ទាយសុវត្ថិភាព គ្រួសារសុវត្ថិភាព សង្គមទាំងមូលសុវត្ថិភាព ៤.យកចិត្តទុកដាក់ចុះបញ្ជីដីធ្លីនិងធ្វើបណ្ណសំគាល់អចលនទ្រព្យ តាមការណែនាំរបស់ក្រសួងការពារជាតិ និង៥.បន្តអនុវត្តនូវពាក្យស្លោក ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ និងទិសស្លោក ចំពោះប្រទេសជាតិ ត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

ដើម្បីរួមចំណែកក្នុងការចំណាយសាងសង់នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា និងចលនារកការគាំទ្រថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីរួមចំណែកក្នុងការកសាងនៅថ្ងៃនេះ៕

ដោយ៖សូរិយា


ចែករំលែក៖