ព័ត៌មានទាន់ហេតុការណ៍៖

ចិន ប្រកាសគាំទ្រឥណ្ឌូណេស៊ី​ មាន​សមត្ថ​ភាព​សម្រាប់​ការផលិត​វ៉ាក់សាំង​COVID-19 នៅ​អាស៊ីអាគ្នេយ៍​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ីលោក Luhut Pandjaitan បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអះអាងថា៖ រដ្ឋាភិបាលចិននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតាដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍

ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី  លោក Pandjaitan ក៏បានបញ្ជាក់ថាឥណ្ឌូណេស៊ីមានសមត្ថភាពខ្លាំងបំផុតសម្រាប់ការផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍ ជាមួយគ្នានោះដែរ លោក វ៉ាង យី ក៏បានប្រកាសជំហរចិនក្នុងការគាំទ្រក្រុមហ៊ុនរបស់ចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ីលើផ្នែកមួយនេះនេះបើយោងតាមទូរទស្សន៍Bloomberg ដែលផ្សាយសេចក្ដីថ្លែងការណ៍មួយនេះ

លោក Luhut Pandjaitan បានជួបជាមួយទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី កាលពីចុងសប្ដាហ៍មុននៅខេត្តយូណាន ប្រទេសចិន ខណៈដែលលោក Pandjaitan បានធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងនាមជាបេសកជនពិសេសប្រធានាធិបតី ចូកូ វីដូដូ

គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី គឺជាគោលដៅមួយដែលកំពុងទទួលការសាកល្បងវ៉ាក់សាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ចំណែកក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុងបាងឌុរបស់ឥណ្ឌូណេស៊ី បានចូលរួមក្នុងការសាកល្បងដំណាក់កាលទីបី ដែលជាដំណាក់កាលចុងក្រោយ មុនឈានដល់ការផលិត

ទោះជាយ៉ាងណា ឥណ្ឌូណេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏កំពុងធ្វើការលើការបង្កើតវ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថាMerah Putih ខណៈរដ្ឋាភិបាលលោក វីដូដូ ចង់បានវ៉ាក់សាំងឲ្យគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន២៧០លាននាក់

គួរបញ្ជាក់ដែរថា បើគិតមកដល់ពេលនេះ ឥណ្ឌូណេស៊ីមានករណីឆ្លងCOVID-19 សរុបចំនួន ៣៣៣,៤៤៩ ករណី ខណៈពេលដែលករណីដែលបានជាសះស្បើយមាន ២៥៥,០២៧ ហើយស្លាប់ចំនួន ១១,៨៤៤ នាក់ដោយ៖ស តារា


ចែករំលែក៖