ព័ត៌មានទាន់ហេតុការណ៍៖

ចិន ប្រកាសគាំទ្រឥណ្ឌូណេស៊ី​ មាន​សមត្ថ​ភាព​សម្រាប់​ការផលិត​វ៉ាក់សាំង​COVID-19 នៅ​អាស៊ីអាគ្នេយ៍​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី​លោក Luhut Pandjaitan បន្ទាប់ពីជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិនលោក វ៉ាង យី បាន​អះអាងថា៖ រដ្ឋាភិបាលចិន ​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​ហ្សា​ការ​តា​ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​នៅ​អាស៊ីអាគ្នេយ៍​។

ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍​មួយ ​បន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិនលោក វ៉ាង យី  លោក Pandjaitan ក៏បានបញ្ជាក់ថាឥណ្ឌូណេស៊ី​ មាន​សមត្ថ​ភាពខ្លាំង​បំផុត​សម្រាប់​ការផលិត​វ៉ាក់សាំង​នៅ​អាស៊ីអាគ្នេយ៍​។ ជាមួយគ្នានោះដែរ លោក វ៉ាង យី ក៏បានប្រកាស​ជំហរ​ចិន​ក្នុង​ការគាំទ្រ​ក្រុមហ៊ុន​របស់​ចិន​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌូណេស៊ី​លើ​ផ្នែក​មួយ​នេះ​។​ នេះ​បើ​យោងតាម​ទូរទស្សន៍Bloomberg ដែល​ផ្សាយ​សេចក្ដីថ្លែងការណ៍​មួយនេះ ។

​លោក Luhut Pandjaitan បាន​ជួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី កាល​ពីចុង​សប្ដាហ៍​មុន​នៅ​ខេត្ត​យូ​ណាន ប្រទេសចិន​។ ខណៈដែលលោក Pandjaitan បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសចិន ​ក្នុងនាម​ជា​បេសកជន​ពិសេស​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​។

​គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី គឺជា​គោលដៅ​មួយ​ដែល​កំពុង​ទទួល​ការសាកល្បង​វ៉ាក់សាំង​ជំងឺ COVID-19 របស់​ក្រុមហ៊ុន Sinovac ។ចំណែកក្រុម​អ្នកស្ម័គ្រចិត្ត​នៅ​ទីក្រុង​បាង​ឌុ​ង​របស់​ឥណ្ឌូណេស៊ី បាន​ចូលរួម​ក្នុងការ​សាកល្បង​ដំណាក់កាល​ទី​បី ដែលជា​ដំណាក់កាល​ចុងក្រោយ មុន​ឈានដល់​ការផលិត​។

​ទោះជាយ៉ាងណា ឥណ្ឌូណេស៊ី​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏​កំពុងធ្វើការ​លើ​ការបង្កើត​វ៉ាក់សាំង​រប​ស់​ខ្លួន​ដែលមាន​ឈ្មោះថាMerah Putih ។ ខណៈរដ្ឋាភិបាល​លោក វី​ដូ​ដូ ចង់បាន​វ៉ាក់សាំង​ឲ្យ​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ចំនួន​២៧០​លាន​នាក់​។​

​គួរបញ្ជាក់ដែរថា បើគិត​មកដល់ពេលនេះ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លងCOVID-19 សរុប​ចំនួន ៣៣៣,៤៤៩ ករណី ខណៈពេលដែល​ករណី​ដែល​បានជា​សះស្បើយ​មាន ២៥៥,០២៧ ហើយ​ស្លាប់ចំនួន ១១,៨៤៤ នាក់​៕ដោយ៖ស តារា


ចែករំលែក៖