ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីទេសចរណ៍សន្យា តាមជួយប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិទឹកជំនន់នឹងត្រៀមជួយ ថែមទៀតក្រោយទឹកស្រកអស់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ទោះបីស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅក្រោយពេលទឹកជំនន់នេះទៅ ក្រុមការងារនឹងជួយដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋបន្តទៀត ពិសេសគឺប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធ និងការបង្កបង្កើនផល។

ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងនាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីក្នុងក្រុមការងារ និងមន្ត្រីខេត្តចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ៣៥០គ្រួសារ មកពីឃុំចំនួន ៥ នៅស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។

លោក ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក មិនបានទុកឱ្យប្រជាពលរដ្ឋរងគ្រោះលំបាកឡើយ ពោលទោះបីជាស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ ក៏នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលាបន្តទៀតដែរ។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ ពិសេសត្រូវត្រៀមស្រូវពូជ ឬគ្រាប់ពូជដំណាំផ្សេងទៀត ដើម្បីបង្កបង្កើនផលនៅរដូវក្រោយ។

លោករដ្ឋមន្ត្រីបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។ ពលរដ្ឋមានសុខភាពល្អ សុខភាពប្រទេសជាតិក៏រឹងមាំល្អ។

ជាមួយគ្នានោះ លោក សុខ លូ ក៏បានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនេះបានបង្កឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋទូទាំងខេត្តចំនួន ៦,៩៥៥ខ្នង ក្នុងនោះនៅស្រុកប្រាសាទសំបូរចំនួន ១២៣,៣៥៦ខ្នង ស្រុកសន្ទុកចំនួន ៣៣០ខ្នង ស្រុកតាំងគោកចំនួន ១០០ខ្នង ស្រុកស្ទោងចំនួន ៤,៥២៣ខ្នង ស្រុកបារាយណ៍ចំនួន ២៧៥ខ្នង ស្រុកសណ្ដាន់ចំនួន ៦១៥ខ្នង ស្រុកប្រាសាទបល្ល័ង្កចំនួន ៣៧៦ខ្នង ស្រុកកំពង់ស្វាយចំនួន ១១២ខ្នង និងក្រុងស្ទឹងសែនចំនួន ២៦៨ខ្នង។

ថ្នាក់ដឹកនាំទាំងពីរបានបន្តដាស់តឿនដល់មន្ត្រីមូលដ្ឋានថា ប្រសិនបើមូលដ្ឋានក្រុង-ស្រុកណាមួយ ស្ថានភាពទឹកស្រកចុះទៅវិញហើយ ត្រូវត្រៀមជួសជុល ឬដោះស្រាយទៅតាមភាពជាក់ស្ដែង ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣៥០គ្រួសារ នៅស្រុកប្រាសាទសំបូរនោះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស និងថ្នាំពេទ្យ Tiffy ៥បន្ទះ។

នាឱកាសជួបសំណេះសំណាលនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌ និងកេរដំណែលដូនតាក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ ព្រោះតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាមួយនេះ ពិតជាមានតម្លៃដ៏មហាសាលដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន និងអាចជួយឱ្យប្រជាសហគមន៍នៅជុំវិញរកចំណូលបានច្រើនទៀតផង។

ថ្នាក់ដឹកនាំទាំងពីរបានថ្លែងអំណរគុណដល់សប្បុរសជន ដែលជាសមាសភាពនៅក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងទេសចរណ៍ (មានបញ្ជីភ្ជាប់នៅខាងក្រោម) ដែលបានរួមចំណែកឧបត្ថម្ភដល់សកម្មភាពចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងនៅស្រុកស្ទោង ស្រុកប្រាសាទសំបូរ និងស្រុកតាំងគោក សរុបប្រមាណជិត ១,០០០គ្រួសារ៕

ដោយ៖ សូរិយា


ចែករំលែក៖