ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចាប់បានកូនក្រពើ០១ក្បាលក្រោយផ្ទះក្បែរអូរនៅព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពលរដ្ឋបានប្រាប់អោយដឹងថា នៅព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល  នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៌មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ។

បើតាមពលរដ្ឋថា កូនក្រពើនេះទំនងជាកូនក្រពើ រួចចេញពីកន្លែងចិញ្ចឹមណាមួយ ពេលភ្លៀងច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ  ចំណែកសមត្ថកិច្ចប្រាប់ថា  រឿងកូនក្រពើមួយក្បាលដែលអ្នកភូមិ ប្រទះឃើញកាលពីម៉ោងជាង៧យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងអូរក្រោយមន្ទីរព័ត៌មានខេត្ត ក្នុង ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ បច្ចុប្បន្ន អ្នកដែលចាប់ក្រពើនេះឈ្មោះ កង វ៉ាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានសម្លាប់ក្រពើនេះធ្វេីអាហារបាត់ហេីយ ។

កូនក្រពើនេះមានទម្ងន់ប្រហែល៦គីឡូក្រាម និងសន្និដ្ឋានថាទំនងជាកូនក្រពើដែលរួចពីកន្លែងចិញ្ចឹមណាមួយ ចូលមកក្នុងអូរ ក្រោយមានភ្លៀងធ្លាក់ច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ៕ឆ្លាម សមុទ្រ


ចែករំលែក៖