ភ្នំពេញ៖ លោកស្រី ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានផ្តល់រថយន្ត២គ្រឿង ដោយមួយគ្រឿងជារថយន្តបោសសម្អាតផ្លូវ និងមួយគ្រឿងទៀតជារថយន្តលាងសម្អាតផ្លូវ ជូនរដ្ឋបាលខណ្ឌច្បារអំពៅ ។
ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក លោកស្រី អភិបាលរង លោកនាយករដ្ឋបាល និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ថ្លែងថា នេះជាអំណោយសប្បុរសធម៌ជូនចំពោះរដ្ឋបាលខណ្ឌច្បារអំពៅដើម្បីបម្រើការងារបោសសម្អាតនិងលាងផ្លូវក្នុងមូលដ្ឋានឱ្យកាន់តែមានសោភណភាពល្អបន្ថែមទៀត។
ជាកិច្ចឆ្លើយតប , លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលបានផ្តល់រថយន្ត២គ្រឿងនេះ សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅ ។
លោក មុនីរ៉ា បានសង្កត់ធ្ងន់ថា «ឡាននេះមានតម្លៃនិងកាន់តែមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការងារបោសសម្អាតផ្លូវ និង លាងផ្លូវសម្រាប់មូលដ្ឋាន»។
បើតាមលោកអភិបាលខណ្ឌច្បារអំពៅ , កន្លងមក ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប តែងតែជួយដល់រដ្ឋបាលខណ្ឌច្បារអំពៅជាញឹកញាប់ស្ទើរគ្រប់វិស័យ ។ ជាមួយគ្នានេះ លោក ចេង មុនីរ៉ា សង្ឃឹមនិងជឿជាក់ ថា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប នឹងនៅតែបន្តជួយដល់រដ្ឋបាលខណ្ឌច្បារអំពៅបន្ថែមទៀត ។
ដោយឡែក ដើម្បីលើកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ក៏បានឧបត្ថម្ភនូវអង្ករ និងទឹកសុទ្ធ ជូនដល់មន្ត្រីក្រោមឱវាទផងដែរ ៕
ដោយ៖សណ្តោស