ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន និង​ឥណ្ឌូណេស៊ី យល់ព្រម​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ

ចែករំលែក៖

អន្តរជាតិ៖ ក្នុងដំណើរទស្សនកិច្ចរវាងជប៉ុន និងឥណ្ឌូណេស៊ី នៅថ្ងៃទី២០ខែតុលាម្សិលមិញនេះ ទីក្រុងតូក្យូ បានសន្យាផ្តល់ប្រាក់កម្ចីជាង៤០០លានដុល្លារផងដែរ ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហា​COVID-19​ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ បានយល់ព្រមន្លឿកិច្ចចរចាលើកិច្ចព្រមព្រៀងលក់អាវុធ ស្របពេលចិនកំពុងអុងអាត់នៅក្នុងសមុទ្រចិនខាងត្បូង

ក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ លោកស៊ូហ្កានាយករដ្ឋមន្រ្តីជប៉ុន បានលើកយកប្រធានបទជាច្រើនមកជជែកក្នុងនោះក៏មានកិច្ចព្រមព្រៀងលក់អាវុធរបស់ជប៉ុន អំឡុងទស្សនកិច្ចនៅវៀតណាមលោក ស៊ូហ្កា ក៏ឯកភាពជាមួយសមភាគីវៀតណាមក្នុងការទិញលក់អាវុធដែរ

លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា បានលើកឡើងថា៖«​យើងបានឯកភាពជំនួបរដ្ឋមន្ត្រីការបរទេស និងការពារជាតិឲ្យបានលឿន និងន្លឿកិច្ចចរចាលើកិច្ចព្រមព្រៀងលក់សម្ភារការពារ និងបច្ចេកវិទ្យា​»​ លោក ស៊ូហ្កាបន្ថែមថាជំនួបខាងលើនេះ គឺជាការលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីលើការការពារជាតិ និងសន្តិសុខ ក្នុងបរិបទនៃការផ្លាស់ប្តូរស្ថានភាពក្នុងតំបន់

ដោយឡែកលោកប្រធានាធិបតីឥណ្ឌូណេស៊ី វីដូដូ ដែលត្រូវបានស្គាល់ជាទូទៅថា លោក ចូកូវី បានបញ្ជាក់នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រមុខរដ្ឋាភិបាលជប៉ុនថា ភាពជាដៃគូដ៏រឹងមាំរវាងទីក្រុងតូក្យូ និងទីក្រុងហ្សាការតា គឺសំខាន់ណាស់ ក្នុងស្ថានភាពអាមេរិក​-​ចិន កំពុងមានភាពតានតឹងជាមួយគ្នា ដោយការឯកភាពន្លឿលើកិច្ចចរចាលក់អាវុធនេះ ធ្វើឡើងក្នុងពេលចិន កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត

សូមជម្រាបថា គិតពីឆ្នាំ២០១៤មក ជប៉ុនបានចុះកិច្ចព្រមព្រៀងលក់សម្ភារការពារ និងបច្ចេកវិទ្យាជាមួយហ្វីលីពីន និងថ្មីៗនេះ ជាមួយវៀតណាមក្រៅពីកិច្ចចរចាលក់អាវុធ ជប៉ុនក៏បានសន្យាផ្តល់ប្រាក់កម្ចីប្រមាណ ៤៧៣លានដុល្លារ ក្នុងអត្រាការប្រាក់ទាប ដល់ឥណ្ឌូណេស៊ីផងដែរ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កដោយ​COVID-19 ជាក់ស្តែងកាលពីខែកុម្ភៈ ទីក្រុងតូក្យូ ក៏ឲ្យទីក្រុងហ្សារកាតាខ្ចីលុយប៉ុន្មានពាន់លានយ៉េនផងដែរ

គួរបញ្ជាក់ថា ក្នុងនាមជាបងធំនៅអាស៊ាន ឥណ្ឌូណេស៊ី មិនចង់ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិកនៅក្នុងតំបន់ឡើយកន្លងមកឥណ្ឌូណេស៊ី បានបណ្ដេញទូកល្បាតចិនចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ហើយថែមទាំងបដិសេធ មិនឲ្យយន្តហោះស៊ើបការណ៍អាមេរិកចុះចតដើម្បីចាក់សាំងថែមទៀតដោយ៖ស តារា


ចែករំលែក៖