ព័ត៌មានទាន់ហេតុការណ៍៖

កុមារ គឺជាការកំណត់កត្តាជោគជ័យរបស់មនុស្សនាពេលអនាគត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក ស្រី គឹម សេដ្ឋានី បានថ្លែងថា តាមភស្ដុតាងជាច្រើនបានបង្ហាញថា ការផ្ដល់ជំនាញជាមូលដ្ឋាន ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់កុមារ ឬក្នុងដំណាក់កាលវ័យមត្តេយ្យសិក្សារបស់កុមារ ពិតជាមានសារៈសំខាន់បំផុត ក្នុងការកំណត់កត្តាជោគជ័យ របស់មនុស្សនាពេលអនាគត ក្នុងឱកាសប្រគល់សម្ភារ អនាម័យ និងសម្ភារសិក្សា ដល់មត្តេយ្យសហគមន៍ជាទូទាំងនិមិត្តរូប នៅសាលាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ។

លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ទៀតថា ការលើកកម្ពស់គុណភាពអប់រំត្រូវយកចិត្តទុកដាក់ជាអាទិភាព ចាប់ពីកម្រឹតមត្តេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់កុមារ បន្ដការសិក្សា ទៅកម្រឹតបឋមសិក្សានិងកម្រឹតសិក្សាបន្ដបន្ទាប់។

លោកស្រី បន្ដថា ឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់កុមារតូច ក្រសួងអប់រំយុវជននិងកីឡាបានបង្កើតសាលានិងថ្នាក់មត្តេយ្យ សិក្សាជាច្រើននៅគ្រប់ទីកន្លែង ក្នុងន័យធ្វើឲ្យសាវាអប់រំរបស់កុមារតូច ខិតជិតលំនៅដ្ឋានប្រជាពលរដ្ឋ ងាយស្រួលកុមារតូចមានឱកាស ទទួលបានសេវាអប់រំ កាន់តែប្រសើរ។ ផ្ដើមចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងអប់រំយុវជននិងកីឡា និងដោយមានការគាំទ្រជាវិជ្ជមាន ពីដៃគូអភិវឌ្ឍ ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននិងសហគមន៍ នៅឆ្នាំសិក្សា២០១៩-២០២០នេះ មត្តេយ្យសិក្សាគ្រប់រូបភាពទូទាំងប្រទេសមាន ចំនួន៨០៦៧ ក្នុងនោះមាន មត្តេយ្យសិក្សារដ្ឋចំនួន៤៤០៩ មត្តេយ្យសិក្សាឯកជន ៥៩៤ និងមត្តេយ្យសិក្សាសហគមន៍ចំនួន៣០៦៤ ដែលបានផ្ដល់សេវាអប់រំនៅកម្រឹតមត្តេយ្យសិក្សា ដល់កុមារអាយុពី៣ទៅ៥ឆ្នាំ ចំនួន៣៦ម៉ឺន ៣ពាន់៦៨១នាក់។

លោកស្រីសេដ្ឋានី គូសបញ្ជាក់ថា យើងមិនអាចមើលរំលង ចំពោះភស្ដុតាងជាច្រើនដែលបានបង្ហាញពីបញ្ហាប្រឈម ដែលកំពុងរារាំងចំពោះការអភិវឌ្ឍ កុមារតូច ដូចជាបញ្ហាអនាម័យ និង កង្វះអាហា រូបត្ថម្ភ អំពើហឹង្សាក្នុងគ្រួសារ និងកង្វះឱកាសទទួលបានការសិក្សារបស់កុមារតូច។ ដូច្នេះការអន្ដរាគមន៍ទាន់ពេលវេលា ក្នុងដំណាក់កាលដំបូងរបស់កុមារ ពិតជាមានសារៈសំខាន់បំផុត ពិសេសការអន្ដរាគមន៍រយៈពេល១ពាន់ថ្ងៃដំបូង ការផ្ដល់សេវាថែទាំសុខភាព ការបង្កើតមណ្ឌលថែទាំកុមារ ការពង្រឹងគុណភាពមត្តេយ្យ សិក្សា ផ្ដល់កម្មវិធីអប់រំមាតា បិតា ការអប់រំស្ដ្រីមានផ្ទៃពោះ និងការបង្កើតកម្មវិធីពិគ្រោះយោបល់ ចំពោះការគាំពារនិងអភិវឌ្ឍកុមារតូច ។

បន្ទាប់ពីក្រួងអប់រំយុវជននិងកីឡាបើកឲ្យគ្រឹះស្ថានសិក្សា  ដំណើរការឡើងវិញ ដំណាក់កាលទី២នេះ សាលាថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព បាននិងកំពុងអនុវត្តដូចគ្រឹស្ថានសិក្សាដទៃទៀតដែរ ដោយឈរលើមូលដ្ឋាន នៃគោលការណែនាំ ក្នុងការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ។

គួរបញ្ជាក់ថាសម្ភារៈ អនាម័យ និងសម្ភារៈសិក្សា ដែលបានឧបត្ថម្ភនាពេលនោះគឺជា  អំណោយរបស់រដ្ឋាភិបាលចិន តាមរយៈអង្គការយូនីសែហ្វ ជូនដល់មត្តេយ្យសហគមន៍ ចំនួន៣០៦៤នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃដដែលនោះដែរគណអធិបតី និងក្រុមការងារទាំងអស់បានចុះទៅពិនិត្យមតេយ្យសិក្សានៅក្នុងសង្កាត់ពន្សាំង ដែលកំពុងដំណើរការនាពេលបច្ចប្បន្ននេះ។ ក្រោយមកឯកឧត្តមសុខ សម្បត្តិ ជំនួយការសម្តេចតេជោហ៊ុន សែន និងជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារខណ្ឌ និងសង្កាត់ពន្សាំង ទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវ៤២ ជាប់ស្ពានបឹងក្រចាប់ដែលកំពុងតែប្រឈមផងដែរ៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖