ខេត្តមណ្ឌលគិរី៖ មន្ត្រីបរិស្ថានឧទ្យានុរក្សដេអេ នៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបក្ខពួកម្នាក់ទៀតរងការចោទប្រកាន់ថាបានប្រើអំពើហិង្សាលើស្ត្រីម្នាក់ឱ្យរងរបួសធ្ងន់។
ហេតុការណ៍វាយដំលើស្រ្តីបណ្តាលឱ្យរងរបួសនោះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នៅចំណុចភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សាយ ស្រីដាវ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី បានប្រាប់ថា មុនពេលកើតហេតុ ខ្លួននិងប្ដីបានជិះរថយន្ដដឹកទ្វារមកពីស្រុកកោះញែកយកទៅឱ្យគេនៅភូមិកើតហេតុខាងលើ។ពេលនោះស្រាប់តែឈ្មោះ ឆាយ ផាន់ណា និងបក្ខពួកម្នាក់ទៀតឈ្មោះ លីន ដែលជា
មន្ត្រីបរិស្ថាននៅដេអេមកសួរនាំខ្លួននិងគំរាមទារលុយ តែពេលទារមិនបានក៏វាយដំរូបនាងបណ្តាលឱ្យរងរបួសតែម្ដង។
ស្ត្រីរងគ្រោះឱ្យដឹងទៀតថា មន្ត្រីខាងលើវាយនាងបែកក្បាល បែកមាត់ និងដងខ្លួន បណ្ដាលឱ្យហូរឈាម និងរងរបួសយ៉ាងធ្ងន់ធ្ងរ ថែមទាំងបានគំរាមកំហែងនាងឱ្យទៅប្ដឹងដល់ណាប្ដឹងទៅ គេមិនខ្លាចឡើយ។
បន្ទាប់ពីកើតហេតុភ្លាមៗនាងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពូជ្រៃដែរ ប៉ុន្ដែនគរបាលនៅទីនោះមិនបានទទួលពាក្យបណ្ដឹងទេដោយប្រាប់ថាគេជាប់រវល់។
ករណីចោទប្រកាន់ខាងលើយើងមិនអាចសុំការបំភ្លឺពីលោក ឆាយ ផាន់ណា បាននៅឡើយទេ។
ចំណែកលោកព្រះរាជអាជ្ញារង ម៉ម វ៉ាន់ដា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នអយ្យការ ដើម្បីឱ្យជួយរកយុត្តិធម៌បាន៕ដោយ ៖ ជីវ័ន្ត