ខេត្តស្វាយរៀង៖ លោកស្រី មឹន មាណវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ។
ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។
លោកស្រីមឹន មាណវី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រដ្ឋបាលខេត្តស្វាយរៀង ជាពិសេស សមាជិក សមាជិកានៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលមានលោកអភិបាលខេត្តជាប្រធាន ខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មនេះ ។
យ៉ាងមិញ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាក្ដីព្រួយបារម្ភដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើន ។
ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមចូលរួមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ត្រូវជៀសវាងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឫស្សី និងបង្កជាបញ្ហាដល់សង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដែលបានជន់លិចក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន៕យឺម សុថាន