ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២២ ខែតុលា លោក សុខសម្បត្តិប្រធានគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅបានណែនាំដល់កងកំលាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត។
លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋានគឺជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះ បើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបាន ហើយ ការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។ដូចនេះ យើង ត្រូវតែប្រុងប្រយ័ត្ន ជាប់ជាប្រចាំ មិនអាចធ្វេសប្រហែស ឡើយ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាដើម្បីផ្ដល់នូវភាពសុខសាន្ដ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកបន្ដថា តាមព៌មានដែលទទួលបានពីកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២តុលាបានឲ្យដឹងថា មានអង្គការក្រៅរដ្ឋាភិបាល១ចំនួនសុំការនុញ្ញាតិ ពីក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ សុំធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងដង្ហែក្បួនទៅកាន់ស្ថានទូតចិនផងដែរ។ ប៉ុន្ដែស្ថាប័នទាំង២ខាងលើមិនអនុញ្ញាតិឡើយ ដោយសារបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅលើពិភពលោក កំពុងនាំគ្នាប្រយុទ្ធប្រឆាំងនិងការឆ្លងរីករាលដាលនៃ ជម្ងឺកូវីដ១៩ ដូចនេះពុំអាចធ្វើការជួបជុំ ពពាក់ពពូនគ្នានៅក្នុងដំណាក់កាលនេះបានឡើយ ហើយម្យ៉ាងទៀតការធ្វើបែបនេះ វាក៏ធ្វើ ឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែលអាចបង្កនូវភាពអនាធិបតេយ្យ ពិបាកក្នុងការគ្រប់គ្រងផងដែរ។ តាមព៌មានដែលទទួលបានថាក្រុមខាងលើនេះ នៅតែចិញ្ចឹមចិត្ត ធ្វើការជួបជុំ ដើម្បីអបអរទិវា២៣តុលាដដែលទោះជាពុំមានការអនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ ។
ក្នុងស្ថានភាពបែបនេះ ក្នុងនាមជាអាជ្ញាធរត្រូវតែ រួមសហការគ្នាទប់ស្កាត់សកម្មភាព អវិជ្ជមានទាំងនោះឲ្យបាន ដោយមិនបណ្ដែតបណ្ដោយឲ្យក្រុមជនទាំងនោះបង្កនូវភាពអនាធិបតេយ្យ អសន្ដិសុខដល់សង្គមជាតិ និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋបានឡើយ ។ លោក សុខ សម្បតិ្ត មានប្រសាសន៍ថា ពេលនេះ ប្រជាពលរដ្ឋនៅតាមបណ្ដារាជធានីខេត្តមួយចំនួន កំពុងទទួលរងនូវគ្រោះទឹកជំនន់ លិចលង់ ផ្ទះសំបែង ស្រែចំការ សត្វចញ្ចឹម សម្ភារៈដោយ ទទួលរងនូវការខាតបង់យ៉ាងធំធេង និង មានបងប្អូន១ចំនួនទៀតបានបាត់បង់ជីវិតផងដែរ ដូចនេះគួរបង្វែរការជួបជុំនេះមកជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះនេះវិញទើបប្រសើរ៕ ដោយ ៖ ព្រែកសំរោង