ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ ក្រោយចេញ​នយោបាយ​អន្តោប្រវេសន៍ បានធ្វើឲ្យកុមារ​ចំនួន​៥៤៥​នាក់ ស្វែងរកក្រុមគ្រួសារពុំទាន់​ឃើញ

ចែករំលែក៖

អន្តរជាតិ៖ កុមារចំនួន៥៤៥នាក់ ពុំទាន់អាចរកឪពុកម្តាយ គ្រួសាររបស់ខ្លួនឃើញឡើយ បន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ចេញនយោបាយអន្តោប្រវេសន៍បំបែកឪពុកម្តាយ គ្រួសារ ពីកុមារ ក្រោយពេលឆ្លងព្រំដែនខុសច្បាប់ពីម៉ិស៊ីកូ ចូលទឹកដីអាមេរិក នេះបើតាមការអះអាងពីមេធាវីនិងអង្គការរដ្ឋាភិបាល

បើតាមអង្គការសិទ្ធិមនុស្ស ACLU និងក្រុមហ៊ុនមេធាវីមិនយកកម្រៃមួយចំនួន ត្រូវបានតុលាការចាត់ការងារឲ្យស្វែងរកក្រុមគ្រួសាររបស់កុមារដែលត្រូវបានបំបែក ឯកសាររបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានបង្ហាញថា មានកុមារជាង ពាន់រយនាក់ ដែលអាចស្ថិតក្រោមបញ្ជារបស់លោកចៅក្រមសហព័ន្ធជួបជុំគ្រួសារវិញ ចំណែកឯកសាររបស់តុលាការក៏បានបង្ហាញដែរថា មានកុមារចំនួន៥៤៥រូបដែល ក្រុមការងារមិនទាន់អាចស្វែងរកឪពុកម្តាយ ក្រុមគ្រួសារឃើញ

សូមជម្រាបថា គោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៧ និង២០១៨ ដែលបំបែកក្រុមគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ ជាចំណុចចម្រូងចម្រាសមួយក្នុងអាណត្តិរបស់លោក គោលនយោបាយនេះ រងបណ្ដឹងជាច្រើន ហើយចៅក្រមតុលាការសហព័ន្ធអាមេរិក ក៏បានចេញបញ្ជា ឲ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការយ៉ាងណាដើម្បីជួបជុំគ្រួសារទាំងអស់នោះវិញ

បើតាមលោក Brian Morgenstern អ្នកនាំពាក្យសេតវិមាន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែតុលានិយាយថា« យើងបានទាក់ទងក្រុមគ្រួសាររបស់កុមារទាំងនោះ តែជាអកុសលមានឪពុកម្តាយមួយចំនួនមិនព្រមទទួលកូនរបស់ខ្លួនមកវិញ​»​

អនុប្រធានគម្រោងអន្តោប្រវេសន៍ ACLU លោក Lee Gelernt និយាយដែរថា កុមារទាំងអស់នោះអាចនឹងប្រឈមគ្រោះថ្នាក់នៅពេលត្រឡប់ទៅប្រទេសកំណើតវិញប៉ុន្តែអង្គការសិទ្ធិមនុស្ស ACLU បានអះអាងផ្ទុយថាក្រុមការងារដែលទទួលការងារពីតុលាការ មិនទាន់អាចទំនាក់ទំនងក្រុមគ្រួសាររបស់កុមារទាំង៥៤៥នាក់នោះឡើយ

ដោយឡែកក្រុមការពារសិទ្ធិមនុស្ស Justice in Motion កំពុងធ្វើដំណើរទៅម៉ិស៊ិ និងតំបន់អាមេរិកកណ្តាលដើម្បីស្វែងរកគ្រួសាររបស់កុមារទាំងនោះ សេចក្តីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្សខាងលើអះអាងថា ការស្វែងរកគ្រួសាររបស់កុមារទាំងនោះ ជារឿងពិបាក និងចំណាយពេលច្រើន និងកាន់តែស្មុគស្មាញបន្ថែមទៀតនៅពេលមានជំងឺឆ្លង COVID-19​

បើយោងតាមទិន្ន័យរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក បង្ហាញថាក្នុងឆ្នាំ២០១៧ គោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក បានបំបែកជាងពាន់គ្រួសារ ក្នុងចំណោមជាងពាន់គ្រួសារនោះ គ្រួសាររបស់កុមារចំនួន៥៥០នាក់ត្រូវបានទំនាក់ទំនង ដែលក្នុងនោះមានគ្រួសារចំនួន២៥ ត្រូវបានACLU អះអាងថា អាចនឹងមកជួបជុំគ្នានៅទឹកដីអាមេរិកវិញ

គួរបញ្ជាក់ដែរថា គោលនយោបាយអន្តោប្រវេសន៍គ្មានការអត់អោនរបស់លោកប្រធានាធិបតីដូណាល់ត្រាំចាប់ផ្តើមជាផ្លូវការពីខែមេសាដល់មិថុនាឆ្នាំ២០១៨ ប៉ុន្តែការបំបែកមនុស្សធំពីកុមារចាប់ផ្តើមតាំងតែពីឆ្នាំ២០១៧ដោយ៖ស តារា


ចែករំលែក៖