នៅថ្ងៃទី២៤ខែតុលា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូបៃឌិន បានប្រកាសថា ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី ក្នុងការបោះឆ្នោតនាថ្ងៃទី៣ខែវិច្ឆិកាខាងមុខ លោកនឹងចេញបញ្ជាឲ្យ ផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ ។
តាមគេហទំព័រ Worldometer បច្ចុប្បន្ន មាន២១៥ប្រទេសនិងដែនដីបានឆ្លងកូវីដ-១៩ សរុបមានដល់ទៅ 42.439.636នាក់ និងស្លាប់1.148.492 នាក់ ។ អាមេរិក ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបង្អស់ក្នុងចំណោម២១៥ប្រទេសនោះ ដោយបច្ចុប្បន្នអាមេរិក មានអ្នកឆ្លងដល់ទៅ8.735.747 នាក់ និងស្លាប់229.210 នាក់។ លំដាប់ទីពីរ គឺឥណ្ឌា និងទី ៣ប្រេស៊ីលដដែល។
ពាក់ព័ន្ធការបោះឆ្នោតនៅអាមេរិក បេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ បាននាំមុខជានិច្ច រាល់ការស្ទង់មតិមុនពេលបោះឆ្នោត។ លទ្ធផលស្ទង់មតិ មុនពេលបោះឆ្នោត១០ថ្ងៃ បេក្ខភាពបៃឌិនបានកាត់បន្ថយគម្លាតនៅក្នុងរដ្ឋសំខាន់របស់គណបក្សសាធារណរដ្ឋ ក្នុងនោះគឺរដ្ឋ Montana ។
នៅក្នុងរដ្ឋសំខាន់នោះ លោកត្រាំនាំមុខតែ ៧ ពិន្ទុតែប៉ុណ្ណោះ ចំណែកការបោះឆ្នោតកាលពីឆ្នាំ២០១៦គឺនាំមុខដល់ទៅ២០ពិន្ទុ។
តាមលទ្ធផលស្ទង់មតិ របស់សារព័ត៌មាន New York Times និងមហាវិទ្យាល័យ Siena បានប្រកាសនៅថ្ងៃទី២៣ខែតុលា បង្ហាញឲ្យឃើញថានៅក្នុងរដ្ឋ តិចសាស មានការគាំទ្រប្រហាក់ប្រហែលគ្នា ដោយលោកត្រាំនាំមុខតែ0,5ពិន្ទុ ប៉ុណ្ណោះ។ ចំណែកនៅឆ្នាំ២០១៦នាំមុខដល់ទៅ ៤,៨ពិន្ទុ។ ដូច្នេះប្រសិនបើរដ្ឋ យុទ្ធសាស្ត្ររបស់គណបក្សសាធារណរដ្ឋ ដែលតែងតែគាំទ្រគណបក្សនេះតាំងពីដើមមក បែជាងាកមកគាំទ្រ លោកបៃឌិនវិញនោះ ក្តីសង្ឃឹមរបស់លោកត្រាំ ដឹកនាំអាមេរិក ៤ឆ្នាំទៀតនឹងត្រូវបាត់បង់៕ដោយ៖ធី រីណា