ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិនទទួលព្រះអំណោយស្បៀងពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តដើម្បីយកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត និងលោកស្រីឧកញ៉ា ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្ត ព្រមទាំងក្រុមការងារ បានទទួលព្រះអំណោយស្បៀងអាហារពីព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជាព្រះចៅអធិការវត្តសន្តិមារាម បានឧបត្ថម្ភសម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តជាពិសេសយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀងដែលកំពុងមានបញ្ហាជីវភាពគ្រួសារ ដោយសារជំនន់ទឹកភ្លៀង និងការផ្ទុះឡើងនូវជំងឺកូវីដ-១៩។

ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត បានមានថេដីកាថា៖ អំណោយដែលឧបត្ថម្ភនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយប្រគេនដល់ព្រះសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ហើយព្រះសង្ឃក៏បានផ្តល់ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន សម្រាប់បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត ដូចជា៖ ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រាចាស់ជរាគ្មានទីពឹងនិងជួបបញ្ហាផ្សេងៗទៀត ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរនិងនិន្នាការនយោបាយឡើយ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនាបច្ចុប្បន្នបានចូលរួម

ចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា

បច្ឆាជនជំនាន់ក្រោយឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយការខុសឆ្គងក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍រួមចំណែកដល់ការអភិវឌ្ឍជាតិក្រោមការដឹកនាំរបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ផាន់ ចាន់ធុល ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះព្រះមេគណខេត្តទាំង២គណៈ និងព្រះសង្ឃគ្រប់វត្តដែលជានិច្ចកាលបានចូលរួមចំណែកក្នុងវិស័យអាណាចក្រ មានដូចជា៖ បច្ច័យគ្រឿងឧបភោគបរិភោគដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅ

ក្នុងខេត្តប៉ៃលិន ដែលនេះបានបង្ហាញពីវប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក គឺខ្មែរស្រលាញ់ខ្មែរ ។

សូមបញ្ជាក់ថា៖ ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិនទទួលពី ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណខេត្ត រួមមាន៖ អង្ករ២តោន ទឹកភេសជ្ជៈ ៣៩កេស ទឹកសុទ្ធ៥០យួរ និងស្ករសមួយចំនួនផងដែរ សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត៕ ស សារ៉េត


ចែករំលែក៖