ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមកីឡាករ Odion Ighalo បាននិយាយថា លោកមានការខ្មាស់អៀនចំពោះរដ្ឋាភិបាលនីហ្សេរីយ៉ាបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទាហានបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅក្នុងសង្កាត់ Lekki នៃរដ្ឋធានីពាណិជ្ជកម្ម Lagos កាលពីដើមសប្តាហ៍នេះ។
ប្រជាជននីហ្សេរីយ៉ាបានធ្វើបាតុកម្មនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃអស់រយៈពេលជិត២សប្តាហ៍ប្រឆាំងនឹងកងកំលាំងប៉ូលិសពិសេសប្រឆាំងចោរប្លន់ (SARS) ដែលក្រុមសិទិ្ធមនុស្សជាច្រើនត្រូវបានចោទប្រកាន់អស់រយៈពេលជាច្រើនឆ្នាំពីបទជំរិតទារប្រាក់, ការយាយី, ការធ្វើទារុណកម្ម និងការសម្លាប់។ ប៉ុន្តែនៅក្នុងបណ្តាញសង្គមធ្វីតទ័រកងទ័ពនីហ្សេរីយ៉ាបាននិយាយថា គ្មានទាហាននៅនឹងកន្លែងនៃការបាញ់ប្រហារនោះទេ។ រីឯក្រុមបាតុករអះអាងថា យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារកន្លងទៅ។
កីឡាករ Ighalo បាននិយាយនៅក្នុងសារជាវីដេអូនៅលើបណ្តាញសង្គមធ្វីតធឺថា នៅពេលគាត់កម្រនិយាយអំពីនយោបាយគាត់មិនអាចនៅស្ងៀមអំពីព្រឹត្តិការណ៍នៅឯប្រទេសនីហ្សេរីយ៉ាបានទេ។ កីឡាកររូបនេះអះអាងថា រដ្ឋាភិបាលនីហ្សេរីយ៉ា អ្នកគឺជាមនុស្សដែលអាម៉ាស់មុខចំពោះពិភពលោកដែលបានសម្លាប់ពលរដ្ឋរបស់អ្នកដោយបញ្ជូនយោធាទៅតាមផ្លូវដើម្បីសម្លាប់អ្នកតវ៉ាដែលគ្មានអាវុធពីព្រោះពួកគេកំពុងតវ៉ាដើម្បីសិទ្ធិរបស់ពួកគេ?កីឡាករ Ighalo បានបន្តថា “អ្នកត្រូវបានគេចងចាំក្នុងប្រវត្តិសាស្ត្រថាជារដ្ឋាភិបាលដែលបានបញ្ជូនយោធាទៅទីក្រុងដើម្បីចាប់ផ្តើមសម្លាប់ប្រជាជនរបស់ពួកគេ។ ខ្ញុំខ្មាស់អៀនចំពោះរដ្ឋាភិបាលនេះយើងធុញទ្រាន់នឹងអ្នកហើយយើងមិនអាចយករឿងនេះតទៅទៀតបានទេ។ សូមអំពាវនាវឲ្យរដ្ឋាភិបាលអង់គ្លេស មេដឹកនាំពិភពលោក និងអង្គការសហប្រជាជាតិស៊ើបអង្កេតក្នុងរឿងនេះ បើមិនដូច្នោះពួកគេនឹងបន្តសម្លាប់ប្រសិនបើពិភពលោកមិននិយាយអំពីបញ្ហានេះ” ៕ដោយ៖ភារៈ